(កែប)៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក រដ្ឋមន្ត្រី ថោង ខុន បានចុះបំពេញបេសកកម្មមួយចំនួននៅខេត្តកែប ដូចជាការពិនិត្យភូមិសាស្រ្តនិងសក្តានុពលទេសចរណ៍មួយចំនួនក្នុងខេត្ត ការពិនិត្យលទ្ធភាពក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សិក្សាលទ្ធភាពក្នុងការជួយគាំទ្រដល់ការបណ្តុះបណ្តាលសហគមន៍ក្នុងតំបន់ឆ្នេរអង្កោលផងដែរ។
បេសកកម្មនេះធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ពោលគឺបន្ទាប់ពីលោកអញ្ជើងក្នុងពិធីផ្តល់អាហារូបករណ៍និងសម្ភារសិក្សាដល់សិស្សនៅតាមបឋមសិក្សានានាក្នុងខេត្តកែប ដែលរៀបចំដោយអង្គការអេតអេអាក់ស្យុង និងរដ្ឋបាលខេត្តកែប។
បន្ទាប់ពីកម្មវិធីនេះហើយ លោករដ្ឋលេខាធិការ នី ផល្លី បានចុះទស្សនកិច្ចសិក្សានៅវិទ្យាល័យចំការដូង ខេត្តកែប ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រៀមក្នុងការឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃធនធានមនុស្សក្នុងវិស័យទេសចរណ៍នាពេលខាងមុខ។
លោកក៏បានចុះពិនិត្យភូមិសាស្រ្តនិងសក្តានុពលទេសចរណ៍ក្នុងភូមិចំការបី ដើម្បីសិក្សារៀបចំនិងជំរុញការដាក់ចេញផែនការចងក្រងបណ្តាញសហគមន៍ទេសចរណ៍ និងពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ សំដៅប្រែក្លាយតំបន់នោះជាគោលដៅកសិទេសចរណ៍ដ៏ទាក់ទាញ។
លោករដ្ឋលេខាធិការថែមទាំងបានចុះពិនិត្យតំបន់ឆ្នេរអង្កោល ដើម្បីសិក្សាលទ្ធភាពក្នុងការកៀរគរដៃគូអភិវឌ្ឍន៍នានាជួយគាំទ្រដល់ការបណ្តុះបណ្តាលសហគមន៍ក្នុងតំបន់ឆ្នេរអង្កោល ឱ្យកាន់តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរ ទាំងលើទិដ្ឋភាពគ្រប់គ្រងអនាម័យនិងបរិស្ថាន ការបង្កើតសម្មភាពកម្សាន្តថ្មីៗ និងការផ្តល់សេវាកម្មនិងបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយគុណភាព៕