(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលសង្កាត់វាលវង បានរៀបចំពិធីបើកការដ្ឋានអនុវត្តគម្រោង ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងមានការចូលរួមពីលោក ម៉ប់ សារ៉េត នាយករដ្ឋបាល ចៅសង្កាត់ ប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំទៅដល់អ្នកម៉ៅការទទួលស្ថាបនាដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណាឲ្យពន្លឿនហើយរួចរាល់តាមគម្រោង និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសធានាពីគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។ លោកថា នៅតំបន់កំពុងដាក់លូនេះ ក្រោយពីដំណើរការដាក់ប្រព័ន្ធលូហើយរួចរាល់ នឹងលែងព្រួយបារម្ភពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ឬទឹកភ្លៀងហូរលិចដក់នៅលើផ្លូវ ឬលំនៅរបស់ពលរដ្ឋរស់នៅសងខាងផ្លូវទៀតហើយ។
ក្នុងនាមរដ្ឋបាលខណ្ឌ លោក ថេង សុថុល បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបន្តបេសកកម្ម ធ្វើឲ្យកម្ពុជាអាចរំដោះខ្លួនចេញពីសង្រ្គាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេសគឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។
លោកបន្ដថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំសង្កាត់ទូទាំងប្រទេសមានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍរបស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងជាអាទិភាពគឺ៖ ការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឲ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់។
លោកអភិបាលខណ្ឌ ក៏បានធ្វើការណែនាំដល់ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវតាមដានឲ្យបានជាប់ជាប្រចាំចំពោះក្រុមហ៊ុនទទួលការ ក្នុងការអនុវត្តគម្រោង ដោយត្រូវហ៊ានសរសេរនូវរាល់ចំណុចខ្វះខាត អសកម្មទាំងឡាយណារបស់ក្រុមហ៊ុនទទួលការ ដែលមិនអនុវត្តតាមកិច្ចសន្យា នៅក្នុងសៀវភៅតាមដានការដ្ឋាន។ លោកក៏ស្នើឲ្យពលរដ្ឋចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលការផងដែរ៕