(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២» ត្រូវបានប្រកាសបើកជាផ្លូវការនាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការអន្តរជាតិខាងការងារ ILO និង ក្រសួងស្ថាប័ន ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាច្រើន។
សម្រាប់ឆ្នាំ២០២២នេះ ឱកាសការងារសរុបជាង ២ម៉ឺនកន្លែង ត្រូវបានយកមកតាំងបង្ហាញ និងផ្តល់ជូនយុវជន សិស្ស/និស្សិត ពីក្រុមហ៊ុន និងស្ថាប័នធំៗចំនួន ១៥០ ដែលមានវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ម៉ឺននាក់។
ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ពេជ សោភ័ន ដែលជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាលផងនោះ បានបញ្ជាក់ថា ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយជួបជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ហើយទីផ្សារការងារចាប់ផ្តើមមានដំណើរការវិលទៅរកប្រក្រតីភាពជាធម្មតា ដោយបានបង្ហាញពីសំទុះនៃការបើកឱកាសការងារថ្មីៗជាបន្តបន្ទាប់ និងសកម្មភាពដាក់ពាក្យស្វែងរកការងាររបស់យុវជនមានការកើនឡើងយ៉ាងសកម្ម។
លោកបណ្ឌិត ពេជ សោភ័ន បានរំឭកថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ទោះបីជាមានការរំខានដោយបញ្ហាកូវីដ-១៩ក្តី ក៏ NEA បានបន្តរៀបចំពិព័រណ៍ការងារជាទៀងទាត់តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើជូនភាគីពាក់ព័ន្ធទាំងអស់ក្នុងស្មារតីចូលរួមចំណែកជំរុញ និងរក្សាតុល្យភាពដំណើរការទីផ្សារការងារក្នុងពេលទទួលរងសម្ពាធ។ ក្នុងន័យនេះ ពិព័រណ៍ការងារគឺជាអន្តរការីក្នុងការជួយឱ្យនិយោជកអាចជ្រើសរើសកម្លាំងពលកម្មបានតាមតម្រូវការ, ទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ។
ក្រៅពីទទួលបានឱកាសការងារជាង ២ ម៉ឺនកន្លែង ពិព័រណ៍ឆ្នាំនេះ ក៏មានរៀបចំសិក្ខាសាលាស្ដីពី៖ «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលជាផ្នែកមួយនៃយុទ្ធនាការផលិតភាពជាតិ ដើម្បីចែករំលែកនូវគំនិត, ចំណេះដឹង, ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិ សំដៅបណ្តុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថនិងទម្លាប់មិនល្អចោល, បង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤។
សូមជម្រាបជូនថា ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។
ពិព័រណ៍ការងារ និងផលិតភាពជាតិគឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមានលក្ខណៈប្រមូលផ្តុំ នូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA។ គោលបំណងសំខាន់បំផុតគឺ ៖ការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារយ៉ាងសកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព៕