(ភ្នំពេញ)៖ អ្នកស្រីឧកញ៉ា កែវ មុំ ជាពាណិជ្ជករដ៏សកម្នដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយទិញផលិតផលពីកសិករក្នុងស្រុកដូចជា អង្ករ បន្លែ ផ្លែឈើ ប្រមាណ៥តោនក្នុងមួយថ្ងៃៗ បានទទួលពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ IB (Inclusive business) ក្រោមអធិភាពដ៏ខ្ពង់ខ្ពស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៏ ក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២ នៅលើទឹកដីអច្ឆិរិយ: អង្គរ ខេត្តសៀមរាប។
ចំពោះការផ្តល់ពានរង្វាន់ជូនដល់អ្នកស្រីឧកញ៉ា កែវ មុំ ក្នុងនាមជាពាណិជ្ជករខ្មែរដ៏សកម្ម និងជាម្ចាស់ក្រុមហ៊ុន ផលិតនំស្រួយលីលីនេះ គឺជាការផ្សារភ្ជាប់រវាងវិស័យរដ្ឋនិងឯកជនដែលបានរួមចំំណែកលើកស្ទួយផលិតផលក្នុងស្រុកដើម្បីកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ក្តោបបានទីផ្សារ ទាំងក្នុងនិងក្រៅប្រទេសយ៉ាងទូលំទូលាយ ពោលនំស្រួយលីលី បាននឹងកំពុងចរាចរ នៅលើទីផ្សារមួយចំនួន នៅតំបន់អាស៊ានដូចជាប្រទេសថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាមជាដើម ព្រមទាំងនៅទីផ្សារចិន កូរ៉េ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្ស៊ីឡែន និងអុីតាលី សហគមអឺរ៉ុប៕