(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ សមាគមមិត្តយើងបានបន្តយុទ្ធនាការ «សក់ និងសម្រស់របស់មិត្តយើង» ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាតដោយពុំគិតប្រាក់។
កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីលោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជាជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E)។
លោក ឡា វិបុល បានលើកឡើងថា នេះជាលើកទីពីរដែលសមាគមមិត្តយើងរៀបចំកម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» ការរៀបចំនេះក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យបានទូលំទូលាយអំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនមានបំណង ចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។
លោកបានបន្ដថា កម្មវិធីមួយនេះជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា ថ្ងៃនេះបានដឹកនាំក្រុមសាឡន និងហាងកាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីអុំទូក នាពេលខាងមុខនេះ។
លោកបន្ថែមថា កម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមកចូលរួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីចូលរួមក្នុងឱកាសពិធី បុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីបុណ្យអុំទូក នាពេលខាងមុខ។
លោកបញ្ជាក់បន្តថា ក្រោយពីការកាត់សក់រួចបងប្អូនអាចចូលស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬបងប្អូនដែលចង់រៀនជំនាញកាត់សក់ ក៏អាចចុះឈ្មោះចូលរៀននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) ដែលរៀនជាមួយគ្រូជំនាញៗ និងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា «កញ្ចប់ ជំនួយមិត្តយើង» ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋ កិច្ចក្រៅប្រព័ន្ធដែលបានចូលរួមនាពេលនេះ ដោយក្នុង១នាក់នឹងទទួលបានកញ្ចប់ជំនួយមិត្តយើង ១កញ្ចប់ដើម្បីសម្រួលជីវភាពបន្ថែម៕