(ភ្នំពេញ)៖ លោកបណ្ឌិត ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារពង្រឹងសមត្ថភាព និងអភិបាលកិច្ចទេសចរណ៍ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងបរិបទឌីជីថល ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសិក្ខាកាមជាច្រើនរូបផងដែរ។

បើតាមរបាយការណ៍របស់លោក ជា ចាន់ហេង ទីប្រឹក្សានិងជាប្រធាននាយកដ្ឋានធនធានមនុស្ស បានឱ្យដឹងថា វគ្គបណ្ដុះ​បណ្ដាល​បានប្រព្រឹត្តទៅអស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២២ ដោយមាន​សិក្ខា​កាម​ចូលរួមសរុបចំនួន ៥០រូប ស្រី ២៣រូប ដែលមានមន្ត្រីនៅទីស្ដី​ការ​ក្រសួង ២៥រូប ស្រី ០៩រូប និង​មន្ទីរ​ទេសចរណ៍រាជធានី ខេត្ត ២៥រូប ស្រី ១៤រូប ។

លោក ជា ចាន់ហេង បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះបានដំណើរការស្របតាមគន្លងប្រក្រតីភាពថ្មី និងបានប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ដើម្បីរក្សាសុវត្ថិភាពដល់សិក្ខាកាម និងវគ្គបណ្តុះបណ្តាលទាំងមូល និងបានប្រព្រឹត្តទៅ យ៉ាងរលូនប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលបានប្រព្រឹត្តទៅដោយមានការចូលរួម​ធ្វើបទ​បង្ហាញ​ ពីគ្រូឧទ្ទេសទៅលើប្រធានបទចំនួន ០៦ ផ្សេងៗគ្នាផងដែរ។

ថ្លែងនាឪកាសនោះដែរ លោកបណ្ឌិត ជា បូរ៉ា បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏វែងឆ្ងាយ ប្រកបដោយភាពបត់បែនជាច្រើន ហើយបានក្លាយជាវិស័យអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខ បានចាត់ទុកវិស័យទេសចរណ៍កម្ពុជា ជា «មាសបៃតង» ដើរតួនាទីជាជន្ទល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
 
ជាមួយគ្នានេះដើម្បីស្របតាមយុទ្ធសាស្រ្តស្ដារកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញ និងអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣, ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥។

លោកបណ្ឌិត ជា បូរ៉ា បានអះអាងដែរថា ដើម្បីសម្រេចបាននូវគោលនយោបាយ និងផែនការសំខាន់ៗខាងលើ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុត ដែលអាចកំណត់បាននូវជោគជ័យ និងភាពរីកចម្រើនរបស់ស្ថាប័ន ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននៅតាមអង្គភាពនីមួយៗ មានការងារជាច្រើនដែលត្រូវអនុវត្ត ប៉ុន្តែបើពិនិត្យតាមស្ថានភាពជាក់ស្តែង ធនធានមនុស្សនៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងទំហំការងារ ពិសេសការវិវត្តន៍យ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងសកលលោក តម្រូវឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទេសចរណ៍ បូករួមនឹងការចាប់យកបច្ចេកវិទ្យាឌីជីថល គឺជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ជា បូរ៉ា បានលើកឡើងដែរថា តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងបរិបទឌីជីថល នេះសិក្ខាកាមទាំងអស់ពិតជា​ទទួលបាននូវចំណេះដឹង បទពិសោធន៍ និងទស្សនថ្មីៗ បន្ថែមលើអ្វីដែលមានស្រាប់ ព្រមទាំងអាចយកទៅអនុវត្ត និងចែករំលែកបន្តនៅអង្គភាពរបស់ខ្លួន និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា៖

* បន្តការអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តន៍របស់សង្គម ពិសេសការចាប់យកចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល
* បន្តចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃ និងសក្តានុពល របស់វិស័យទេសចរណ៍ តាមប្រព័ន្ធបណ្តាញសង្គម និងគ្រប់រូបភាព
* ត្រូវស្រូបយក និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅការបណ្តុះគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់បម្រើផលប្រយោជន៍ក្នុងអង្គភាព និងសង្គម
* ត្រូវប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រកបដោយការទទួលខុសត្រូវ ជៀសវាងការចែករំលែកព័ត៌មានដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬជឿលើប្រភពព័ត៌មានដែលមាននិន្នាកាបោកប្រាស់ ញុះញង់ ក្នុងចេតនាបង្កអសន្តិសុខក្នុងសង្គម
* ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្ដាលនេះ ទៅចែករំលែក និងអនុវត្តឱ្យបានល្អត្រឹមត្រូវ ក្នុងការ បំពេញភារកិច្ចក្នុងអង្គភាពរបស់ខ្លួន
* ត្រូវមានស្មារតីប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ ទៅតាមភារកិច្ច ប្រកបដោយភាពប្រាកដប្រជា និងប្រសិទ្ធភាពខ្ពស់៕