(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមសន្និបាតអង្គការអន្តរជាតិ ខាងការងារ ហៅកាត់ថា ILO នៅទីក្រុងហ្សឺណែល ប្រទេសស្វីស រយៈពេល៦ថ្ងៃកន្លងទៅ ដោយសម្រចបាននូវលទ្ធផលការងារ និងកិច្ចសហប្រតិបតិបត្តិការល្អមួយចំនួន។
លោករដ្ឋមន្រ្តីបានឱ្យដឹងថា កម្ពុជា និងអង្គការ ILO បានសម្រេចនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការងារល្អជាមួយគ្នា ដោយគណៈប្រតិភូតំណាងឱ្យកម្ពុជា បានចូលរួមចែករំលែកនូវបទពិសោធន៍ការងារ ទាក់ទងនឹងស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងរយៈពេលកន្លងមកនេះ ដោយបានទទួលជោគជ័យយ៉ាងល្អប្រសើរ ក្នុងនោះតំណាងកម្ពុជាបានលើកឡើង ពីកំណើនសេដ្ឋកិច្ចកម្ពុជា ឡើងដល់៧ភាពរយក្នុងមួយឆ្នាំ អត្រាគ្មានការងារធ្វើ ធ្លាក់ចុះដល់ទៅ០.៧ភាគរយ ដែលជាចំណុចល្អបំផុត ចំណែកឯអង្គការ ILO ក៏បានអបអរសាទរ ចំពោះវឌ្ឍនភាពនេះ និងឯកភាពស្របតាមអ្វី ដែលជាគោលនយោបាយរបស់កម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យការងារ។
លោករដ្ឋមន្រ្តីបានបន្ថែមថា «កម្ពុជា និងអង្គការ ILO ក៏បានបង្កើតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនថែមទៀត រួមមាន ទី១. អង្គការ ILO បានចូលរួមគាំទ្រ ចំពោះការអនុម័ត និងប្រកាសនូវគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ដែលអង្គការ ILO នឹងចូលរួមសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអុវត្តគោលនយោបាយនេះ, ទី២.អង្គការ ILO បានចូលរួមគាំទ្រ នូវកម្មវិធីជាតិស្ដីពី ការងារសមរម្យ ដែលចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០១៦-២០១៨ ដើម្បីឆ្លើយតបទៅនឹងគោលដៅរបស់អង្គការសហប្រជាជាតិ និងអង្គការ ILO ផងដែរ ជាពិសេសដើម្បីផ្ដល់ឱកាសការងារសមរម្យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងផ្ដល់កិច្ចគាំពារសង្គម ក៏ដូចជា ការអភិវឌ្ឍខាងផ្នែកសុខដុមនីយកម្ម តាមរោងចក្រសហគ្រាស ជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យការងារ, ទី៣.អង្គការ ILO ក៏បានចូលរួមអបអរសាទរ និងគាំទ្រចំពោះ ដំណើរការអនុម័តច្បាប់ស្ដីពី សហជីព របស់កម្ពុជា ព្រោះអង្គការ ILO ក៏បានចូលរួមចំណែក ក្នុងការរៀបចំច្បាប់នេះផងដែរ ក្នុងរយៈពេលកន្លងមក ដោយអះអាងថា ច្បាប់នេះនឹងជួយពង្រឹងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ទាក់ទងទៅនឹងការអនុវត្តសិទ្ធិសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈនានា ប្រកបដោយសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅកាត់បន្ថយភាពអសកម្មផ្សេងៗ ហើយអង្គការ ILO បានសន្យាថា នឹងរួមសហការជាមួយកម្ពុជា ក្នុងការអនុវត្តច្បាប់នេះ ឱ្យបានត្រឹមត្រូវ, ទី៤.កម្ពុជា និង ILO បានរួមសហការគ្នា ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី នីតិវិធីតុលាការការងារ ហើយដល់ឆ្នាំ២០១៧ ច្បាប់នឹងត្រូវបានអនុម័ត ដោយតម្រូវឱ្យមានប្រព័ន្ធដោះស្រាយបញ្ហា ចាប់ពីរដ្ឋបាលការងារ រហូតដល់អាជ្ញាកណ្ដាល ក្នុងការផ្ដល់យុត្តិធម៌ដល់គ្រប់ភាគីទាំងអស់ ហើយដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព»។
សូមជម្រាបថា ក្រៅពីកិច្ចសហប្រតិបត្តិការមួយចំនួនខាងលើ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានចូលរួមក្នុងកិច្ចប្រជុំជាច្រើនទៀត ក្នុងនោះតំណាងត្រីភាគី ដែលមានតំណាងសហជីព តំណាងនិយោជក និងតំណាងរដ្ឋាភិបាលមានក្រសួងការងារ ក៏បានចូលរូមក្នុងកិច្ចប្រជុំគណៈកម្មការបទដ្ឋានអន្តរជាតិ ដោយបានទទួលលទ្ធផល ចំនួន២ចំណុចបន្ថែមទៀត រួមមាន ទី១.បានពិភាក្សាលើសំណុំរឿងរបស់អ្នកដឹកនាំសហជីព ដែលកន្លងមកទទួលរងអំពើហិង្សា ដោយគណៈកម្មការនេះ បានស្វាគមន៍ ចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានចាត់ឱ្យមានការស៊ើបអង្កេត ក្នុងការស្រាវជ្រាវវែកមុខ រកជនដៃដល់យកមកផ្ដន្ទាទោសទៅតាមច្បាប់ ហើយគណៈកម្មការនេះ ក៏មានការទំនាក់ទំនងផ្ទាល់ជាមួយកម្ពុជា ដើម្បីជួយក្នុងការសម្រេចកិច្ចការនេះ និងទី២.ទាក់ទងនឹងច្បាប់សហជីព កម្ពុជាក៏បានលើកយកមកពិភាក្សាក្នុងគណៈកម្មការនេះដែរ ដូចជាបញ្ហាការអនុវត្តច្បាប់ គឺសុំឱ្យផ្សាភ្ជាប់ទៅនឹងបទដ្ឋានអន្តរជាតិ ជាពិសេសេឱ្យសមស្របនឹងអនុសញ្ញាឆ្នាំ១៩៨៧ និងអនុសញ្ញាឆ្នាំ១៩៩៨ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងបង្កើតឱ្យមានទំនាក់ទំនងផ្ទាល់ ចាប់ពេលនេះរហូតឆ្នាំ២០១៧ ខាងមុខ។
សូមរំលឹកថា កាលពីពេលកន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវតាមរយៈសារលិខិតមួយ ឱ្យភាគីពាក់ព័ន្ធទាំងអស់ ពន្លឿនការអនុម័តច្បាប់ស្តីពីសហជីព និងបង្កើតតុលាការការងារ នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហក្នុងវិស័យការងារ ឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ៕