(គែរ)៖ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំសន្និសីទលើកទី៦ ថ្នាក់រដ្ឋមន្ត្រី និងផ្សព្វផ្សាយគម្រោងថ្មីមួយ (Manifeste) «សេចក្ដីប្រកាសសម្រាប់ការទូតវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន» នាសប្តាហ៍វិទ្យាសាស្ត្រហ្វ្រង់កូហ្វូន ពិភពលោកលើកទី២ (SMFS)។

ព្រឹត្តិការណ៍នេះ បានទទួលរដ្ឋមន្ត្រីជាង៤០រូប ដែលទទួលបន្ទុកឧត្តមសិក្សានិងការស្រាវជ្រាវ ក្នុងនោះមានរដ្ឋមន្ដ្រី៣០រូប បានចូលរួមដោយផ្ទាល់ ដោយមានវត្តមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ត្រីទាំងឡាយ បានធ្វើការផ្លាស់ប្ដូរជុំវិញគម្រោងដែលបានផ្តួចផ្តើមឡើងនាសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី៥ នាខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នាទីក្រុងប៊ុយការ៉ែស លើប្រធានបទ៖ សេចក្តីប្រកាសសម្រាប់ការទូតវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន។

សេចក្តីប្រកាសនោះនឹងបង្ហាញនូវវិធីសាស្ត្រមួយ ដើម្បីអភិវឌ្ឍនយោបាយការទូតវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន និងសំណើលើប្រធានវេទិកាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ និងដៃគូរសហការក្នុងលំហនៃការប្រើប្រាស់ភាសាបារាំងលើពិភពលោក។

សេចក្តីប្រកាសទី១នេះ ពាក់ព័ន្ធនឹងការទូតវិទ្យាសាស្ត្រដែលគ្រប់គ្រងដោយថ្នាក់ដឹកនាំ នយោបាយ ទទួលបាននូវការគាំទ្រពីបណ្តាញពិភពលោក សម្រាប់លំហភូមិសាស្ត្រនយោបាយ ដែលបានកំណត់អត្តសញ្ញាណផ្តោតលើការជួយជ្រោមជ្រែងជាប្រព័ន្ធនៃវិស័យអប់រំ និងសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង លើពិភពលោក។

ផ្តើមចេញពីកិច្ចពិភាក្សាជាច្រើន និងការធ្វើសំយោគជាបឋម ដែលធ្វើឡើងដោយ AUF និងចែករំលែកជាមួយបណ្តារដ្ឋមន្ត្រីទាំងអស់ នាមុនពេលចាប់ផ្តើមសន្និសីទ សេចក្ដីប្រកាសចុងក្រោយ ត្រូវបានអនុម័ត្តនាឱកាសនោះ ក្នុងពិធីចុះហត្ថលេខារួម។

ក្នុងសន្និសីទនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអញ្ជើញចូលរួមចុះហត្ថលេខារួមគ្នាលើ «សេចក្តីប្រកាសសម្រាប់ការទូត វិទ្យាសាស្ត្រហ្វ្រង់កូហ្វូន» (Manifeste pour une diplomatle scientifique francophone) ដែលជាឯកសារដ៏មានសារៈសំខាន់មួយក្នុងការបង្ហាញ អំពីវិធីសាស្ត្រសម្រាប់អភិវឌ្ឍគោលនយោបាយ ការទូតវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន និងការពាក់ស្នើចំណុចអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូក្នុងលំហនៃការប្រើប្រាស់ភាសាបារាំង។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (NUF) ត្រូវបានបង្កើតឡើងអស់រយៈពេល ៦០ឆ្នាំមកហើយ បច្ចុប្បន្នគឺជាបណ្ដាញសាកលវិទ្យាល័យទី១ លើពិភពលោក ដែលសមាជិកចំនួន ១,០០០គ្រឹះស្ថាន សាកលវិទ្យាល័យ សាសាបណ្ដុះបណ្ដាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវ មានវត្តមាននៅក្នុងប្រទេសចំនួន១២០ប្រទេស។ ជាស្ថាប័នគំរូ នៃហ្វ្រង់កូហ្វូន វិទ្យាសាស្ត្រនៅពាសពេញពិភពលោក AUF ជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណូល និងជាស​ម្គាល់ដែលមានទស្សនវិស័យមួយសម្រាប់ការអភិវឌ្ឍប្រព័ន្ធអប់រំ និងសាកលវិទ្យាល័យ៖ «គិតគួរជាសាកលសអំពីហ្វ្រង់កូហ្វូនវិទ្យាសាស្ត្រ និងប្រតិបត្តិក្នុងថ្នាក់តំបន់ដោយគោរពភាពសំបូរបែបខុសៗគ្នា»៕