(អាមេរិក)៖ ក្រុមអ្នកស្រាវជ្រាវអាមេរិកមកពីសកលវិទ្យាល័យ California បានសន្និដ្ឋានថា អាកាសធាតុក្តៅខ្លាំង និង ការប្រែប្រួលបរិយាកាសជារួម បានធ្វើឲ្យប្រជាជននៅប្រទេសមិចស៊ិកូ, ឥណ្ឌា, អាមេរិក កណ្តាល, និង អាហ្វ្រិកជាដើម ផ្លាស់ប្តូរលំនៅដ្ឋានរបស់ពួកគេ ទៅរស់នៅតំបន់ខាងលើ ឬ ខាងក្រោមតំបន់ត្រូពិចវិញ ដែលមានអាកាសធាតុល្មម និងមិនសូវមានគ្រោះធម្មជាតិធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹក ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ការកើនឡើងកម្តៅពីរអង្សាសេបន្ថែមទៀត នៅក្នុងសតវត្សរ៍ថ្មីនេះ បាននាំឲ្យក្រុមអ្នកវិភាគនឹងតាមដាន ការប្រែប្រួលអាកាសធាតុ មានការព្រួយបារម្ភខ្លាំង ចំពោះការភៀសខ្លួនរបស់មនុស្ស ដែលមិនអាចស៊ូទ្រាំ នឹង អាកាសធាតុប្រែប្រួលខ្លាំងនៅតំបន់ត្រូពិក។ វាមិនមានអ្វីត្រូវងឿងឆ្ងល់នោះឡើយថា ការប្រែប្រួលនេះ នឹងមិនអាច វិលទៅរកភាពប្រសើរឡើងវិញនោះឡើយ ខណៈដែលគ្រប់គ្នាបានឃើញច្បាស់ថា ការកើនឡើងកម្តៅ, ព្យុះកំណាច, និង គ្រោះរាំងស្ងួត ដែលភាគច្រើនបានវាយលុកបណ្តាប្រទេសនៅតំបន់ត្រូពិកនោះ វាការតែវិវឌ្ឍន៍អាក្រក់ទៅៗ។
លោក Adam Sobel សាស្ត្រាចារ្យមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវដទៃៗទៀតនៃសកលវិទ្យាល័យ កាលីហ្វរញ៉ា បានលើកឡើងថា «យើងមិនបានធ្វើការគណនា អំពីរបៀបនៃការប្រែប្រួលអាកាសធាតុ នៅតំបន់ត្រូពិកនោះទេ ប៉ុន្តែតំបន់នេះ កំពុងតែកើនឡើងកម្តៅដូចដែលយើងបានឆ្លងកាត់រួចមកហើយ។ ប្រាកដណាស់ ប្រសិនបើអ្នកជាខ្ញុំ អ្នកប្រាកដជាចាកចេញពីកន្លែងដែលក្តៅ ទៅរកន្លែងដែលត្រជាក់ជាមិនខាន។ ប្រការនេះហើយ ទើបអត្រាមនុស្ស ដែលរស់នៅតំបន់ត្រូពិក នឹងថមថយ ទៅតាមលទ្ធភាពដែលពួកគេអាចជ្រើសរើសកន្លែងរស់នៅបាន»៕