(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនាដ៏ល្អ រវាងប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ និងរាជរដ្ឋាភិបាល ក្នុងការរួមសាមគ្គីគ្នា ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងបែបនេះរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅក្នុងវេទិកាបូកសរុបការងារបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ នាទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។

លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងអាស្រ័យផងពីការងារអភិរក្សនេះ។

លោក ខៀវ បូរិន បានលើកឡើងថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនា និងកិច្ចសហការកាន់តែប្រសើរឡើង រវាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ បណ្តាញសហគមន៍ ចែករំលែកព័ត៌មាន បទពិសោធន៍ បង្កើនចំណេះដឹង និងជំនាញ រវាងសហគមន៍និងអ្នកពាក់ព័ន្ធនានា ទាក់ទងទៅនឹងជីវភាព និងការគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍មូលដ្ឋាន។

លោកបានបន្ថែមថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ បានបង្កើតសាមគ្គីភាពផ្ទៃក្នុងដែលធ្វើឱ្យការងារអភិរក្សទទួលបានជោគជ័យកាន់តែប្រសើរឡើង រួមផ្សំទាំងការទទួលបានការសិក្សាអប់រំបានខ្ពស់ ធ្វើឱ្យមានការផ្លាស់ប្តូរទៅលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ដែលជាកេរ្តិ៍មរតកសម្រាប់ខ្មែរគ្រប់ជំនាន់។

សូមបញ្ចាក់ថា រហូតមកដល់ខែតុលា ឆ្នាំ២០២២នេះ សហគមន៍តំបន់ការពារធម្មជាតិត្រូវបានបង្កើតឡើង និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩០ ដែលមានប្រជាពលរដ្ឋជាសមាជិកទាំងអស់ ៧១,៧៣២គ្រួសារ នៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

កិច្ចប្រជុំបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានរៀបចំឡើងដោយមានចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តនានា បណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ ថ្នាក់មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងគោលបំណង៖

ទី១៖ ពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងឆ្នាំ២០២២
ទី២៖ កំណត់ផែនការសកម្មភាពយុទ្ធជាសាស្រ្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣
ទី៣៖ ពិគ្រោះយោបល់ និងអនុម័តលើលក្ខន្តិកៈបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិ
និងទី៤៖ ដោះស្រាយបញ្ហាចំបងៗដែលកំពុងកើតមានឡើងក្នុងសហគមន៍៕