(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One ជំនាន់ចុងក្រោយ តម្លៃ ៦០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការថតឆ្លុះសរសៃឈាម ជូនអ្នកជំងឺដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសនៅដេប៉ាតឺម៉ង់មជ្ឈមណ្ឌលព្យាបាលបេះដូង។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវម៉ាស៊ីនថតឆ្លុះសរសៃឈាមជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការអញ្ជើញចូលរួមពីលោក ជុង ហុក អគ្គនាយកក្រុមហ៊ុន យូនីក មេឌីខល ឌីស្រី្ទប៊្យូសិន ខូ អិលធីឌី (Unique Medical Distribution Co., Ltd.) និងតំណាងក្រុមហ៊ុន (មេដត្រូនិក អ៊ិនធើណេសិនណល) Medtronic Intenational រួមទាំងលោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានដេប៉ាតឺម៉ង់មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងបុគ្គលិកថ្នាក់ដឹកនាំមួយចំនួនទៀត។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា «ថ្ងៃនេះបញ្ជាក់ពីការរីកចម្រើនថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាល ដែលជាចំណែកគន្លឹះក្នុងការសង្គ្រោះអាយុជីវិតរបស់មនុស្ស»។ បើនិយាយសម្រាប់តែការសង្រ្គោះផ្នែកសរសៃឈាមបេះដូង គ្រូពេទ្យរបស់យើងបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ប្រមាណជិត៣ម៉ឺននាក់ ជាមួយនឹងឧបករណ៍ទំនើបកន្លងមកនេះ។
លោកសាស្ដ្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជុង ហុក អគ្គនាយកក្រុមហ៊ុន យូនីក មេឌីខល ឌីស្រី្ទប៊្យូសិន ខូ អិលធីឌី សហការជាមួយក្រុមហ៊ុន Medtronic International ដែលបានផ្តល់ជំនួយនូវម៉ាស៊ីនថតឆ្លុះសរសៃឈាម បន្ថែមថ្មីនាពេលនេះជាលើកទី២ ដែលមានតម្លៃសរុប ៦០ម៉ឺនដុល្លារ ព្រមទាំងបានបញ្ជូនអ្នកជំនាញមកជួយបង្ហាត់បង្ហាញ បណ្តុះបណ្តាលនៅកន្លែងផ្ទាល់ និងគាំទ្រឱ្យគ្រូពេទ្យឯកទេសមន្ទីរពេទ្យទៅសិក្សាបន្ថែមនៅក្រៅប្រទេស។ នេះសបញ្ជាក់ឱ្យឃើញនូវទឹកចិត្តចូលរួមជួយអភិវឌ្ឍន៍វិស័យសុខាភិបាល ដែលស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានគូសបញ្ជាក់បន្ថែមថា «ទន្ទឹមនឹងម៉ាស៊ីនថ្មីនេះ ក៏មានការចូលរួមពីមន្ទីរពេទ្យកាល់ម៉ែតរបស់យើងផ្ទាល់ផងដែរ ដោយបានបំពាក់នូវម៉ាស៊ីន សម្រាប់សម្រួលដំណើរនៃចង្វាក់បេះដូងដែលមិនប្រក្រតី តម្លៃជាង ២៤ម៉ឺនដុល្លារ និងការរៀបចំរចនាបន្ទប់ថ្មីបំពាក់ដោយប្រព័ន្ធវេជ្ជសាស្រ្តតាមកម្រិតស្តង់ដារខ្ពស់ តម្លៃជាង១៣ម៉ឺនដុល្លារ ដូច្នេះសរុបលទ្ធផលនៅថ្ងៃនេះ គិតជាថវិកា ប្រមាណ ៩៨ម៉ឺនដុល្លារ»។
លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានសង្ឃឹមយ៉ាងមុតមាំថាម៉ាស៊ីនថតឆ្លុះសរសៃឈាមថ្មីនេះ នឹងផ្តល់គុណប្រយោជន៍យ៉ាងឧត្តុង្គឧត្តមសម្រាប់បម្រើដល់សេវាពិនិត្យព្យាបាលអ្នកជំងឺ ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដោយប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានដេប៉ាតឺម៉ង់មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង បានថ្លែងថា ដោយការរីកចម្រើនផ្នែកបច្ចេកវិទ្យាកាន់តែជឿនលឿន និងកំណើននៃចំនួនអ្នកជំងឺកាន់តែច្រើនឡើង ដេប៉ាតឺម៉ង់មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង បានបំពាក់ម៉ាស៊ីនទំនើបថ្មីនេះឡើង អមដោយបន្ទប់ប្រតិបត្តិការ ម៉ាស៊ីនតាមស្តង់ដារវេជ្ជសាស្រ្ត សាកល មានសមត្ថភាពខ្ពស់ក្នុងការពិនិត្យលើសរសៃឈាមមនុស្ស បានយ៉ាងរហ័ស និងរូបភាពផ្តល់ កាន់តែច្បាស់ល្អ និងលម្អិតជាអតិបរមា ងាយស្រួលដល់វេជ្ជបណ្ឌិតជំនាញឯកទេស ពិនិត្យ ព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis one ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ជំនាន់ចុងក្រោយ សម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់ក្នុងការព្យាបាល និងអន្តរាគមន៍ក្នុងជំងឺដូចជា៖
* ការថតឆ្លុះសរសៃឈាមបេះដូង និងព្យាបាលដោយដាក់រឺស័រ ក្នុងជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវ (Acute Coronary Syndrome) និង រ៉ាំរ៉ៃ (Chronic Coronary Syndrome)
* ការអន្តរាគមន៍ ក្នុងការព្យបាលជំងឺ បេះដូងពីកំណើត ដូចជា ចំហរថតបេះដូងខាងក្រោមពីកំណើត(VSD) ចំហរថតបេះដូងខាងលើពីកំណើត (ASD) ចំហរសរសៃឈាមពីកំណើត(PDA)....
* ការអន្តរាគមន៍ ក្នុងការព្យាបាលជំងឺ ស្ទះសរសៃឈាមខួរក្បាលស្រួចស្រាវ (Acute Ischemic Stroke)
* លើសពីនេះទៀត ម៉ាស៊ីននេះអាចថតឆ្លុះ និងព្យាបាលជំងឺត្បៀតសរសៃឈាមសរីរាង្គផ្សេងៗ ដូចជា ជំងឺត្បៀតសរសៃឈាមតំរងនោម ជំងឺសរសៃឈាមពោះ ជំងឺត្បៀត ឬស្ទះសរសៃឈាមជើង ឬដៃ
* ការអន្តរាគមន៍ ក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនអាចគ្រប់គ្រងបានដោយថ្នាំ (Resistant HTN)
* វាយតម្លៃ និងវាស់សម្ពាធឈាមក្នុងបេះដូង សរសៃឈាមអាក់អរ សរសៃឈាមសួត ដើម្បីកំណត់ដំណាក់កាល និងពេលដែលត្រូវព្យាបាលសំរាប់ជំងឺបេះដូងពីកំណើតមួយចំនួន ជំងឺប្រឹសបេះដូងមួយចំនួន ( Cardiac Catheterization)។
លោកសាស្ដ្រាចារ្យបានគូសរំលេចថា «ជំងឺស្ទះសរសៃឈាមបេះដូង ដែលពិភពលោកគេខ្លាចគ្រប់គ្នា ព្រោះវាជាជំងឺគ្រោះថ្នាក់ខ្លាំងបណ្ដាលឱ្យបាត់បង់ជីវិតក្នុងរយៈពេលយ៉ាងខ្លី បើសិនជាយើងមិនមានម៉ាស៊ីនសម្រាប់សង្គ្រោះ។ បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំមនុស្សប្រមាណ ១៧លាននាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ចំពោះនៅកម្ពុជាយើងនៅក្នុងចំណោមមនុស្ស ១០,០០០នាក់ មាន២៥៨នាក់ ដែលមានគ្រោះថ្នាក់ដល់ជីវិត។ សម្រាប់មនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរយៈពេល១ឆ្នាំ យើងអាចសង្គ្រោះជីវិតប្រជាពលរដ្ឋ លើសពី១ពាន់នាក់»។
លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងផងដែរថា រាល់ការអភិវឌ្ឍរីកចម្រើនរបស់មន្ទីរពេទ្យ និងឱកាសល្អជាច្រើនផ្សេងៗទៀត គឺផ្ដើមឡើងដោយសារប្រទេសជាតិយើងមានសន្ដិភាព៕