(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងមិនចូលបំភ្លឺតាមការកោះហៅ របស់ចៅក្រមស៊ើបសួរ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះទេ។ នេះបើតាមការលើកឡើងរបស់ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឡើងទទួលញាតិរបស់សកម្មជនមកពីតាមបណ្តារាជធានី-ខេត្ត នៅមុខស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
លោក អេង ឆៃអ៊ាង បានអះអាងថា លោក កឹម សុខា នៅតែប្រកាន់ជំហរមិនចូលតុលាការទេ តែឱ្យមេធាវីចូលជំនួស ដោយលោកសំអាងលើ អភ័យឯកសិទ្ធិសភា។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង កាលពីថ្ងៃទី២៦ ខែឧសភា បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមការកោះហៅរបស់តំណាងអយ្យកាកន្លមក។ ការចេញដីកាកោះនេះបានធ្វើឡើង បន្ទាប់លោក កឹម សុខា បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចំនួន ២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួនេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាក្រោមសំឡេងភាគច្រើន ដាច់ខាតបានបោះឆ្នោតគាំទ្រឱ្យតុលាការ បន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទមិនចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សីនៅមុខ អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕