(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញមុខបញ្ជាក់ជុំវិញ ករណីកម្លាំងនគរបាលរបស់លោក ធ្វើការឃាត់រថយន្តដឹកទំនិញពីវៀតណាមកាលពីយប់មិញ នោះគឺធ្វើឡើងក្រោយមានការសង្ស័យថា រថយន្តទាំងនេះដឹកទំនិញគេចពន្ធ ហើយក៏សូមច្រានចោលចំពោះការចោទប្រកាន់ពីការឃាត់រថយន្ត រួចទុកចោលមិនប្រគល់ជូនម្ចាស់វិញផងដែរ។ បើតាមលោកស្នងការ រថយន្តដឹកទំនិញ ដែលសង្ស័យគេចពន្ធទាំងនេះ មានម្ចាស់ជាមន្រ្តីយោធាពាក់ផ្កាយ២ ឈ្មោះ តារ៉ុម។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា «នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ថា បន្ទាប់ពីទទួលបានការរាយការណ៍ពីភ្នាក់ងារថា មានរថយន្តដឹកឈើគ្រញូងចេញទៅវៀតណាម និងរថយន្តដឹកទំនិញគេចពន្ធពីវៀតណាមនោះ កម្លាំងនគរបាលរបស់យើង បានអង្កេតតាមដាន និងត្រួតពិនិត្យឃើញរថយន្តមួយចំនួន សង្ស័យដឹកទំនិញគេចពន្ធ ដោយមានការចូលរួមពីមន្ត្រីគយ និងរដ្ឋាករ ចូលរួមអង្កេតផងដែរ»

លោកឧត្តមសេនីយ៍បញ្ជាក់ទៀតថា បន្ទាប់ពិនិត្យ និងអង្កេតរួចកម្លាំងរបស់លោក និងមន្ត្រីគយចល័ត បានរកឃើញរថយន្ត២គ្រឿង សង្ស័យដឹកទំនិញគេចពន្ធ ឬការប្រកាសបង់ពន្ធខុសប្រភេទមុខទិញ ដោយពួកឈ្មួញទុច្ចរិត ប្រកាសមិនស្មោះត្រង់។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទំនិញគេចពន្ធនៅបន្តនាំចូលច្រើនទៀត តាមច្រកអន្តរជាតិ ច្រកទ្វេភាគី ច្រកតំបន់។ ទំនិញទាំងនោះ ជាទំនិញរំលោភលើកម្មសិទ្ធិបញ្ញា និងជាទំនិញហាមឃាត់នាំចូល ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា រថយន្តដឹកទំនិញគេចពន្ធ ដែលត្រូវកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់នៅយប់មិញនេះ មានស្លាកលេខ ភ្នំពេញ 3B-6549 និង តាកែវ 3A-0624 ប្រភេទទំនិញជាប៊ីចេង ទឹកត្រី ទឹកស៊ីអ៉ីវ សាប៊ូ ជាដើម ដែលមានម្ចាស់ជាមន្ត្រីយោធាផ្កាយ២ ឈ្មោះ តារ៉ុម។

សូមបញ្ជាក់ថា នៅយប់មិញ ក្រុមអ្នករកសុីដឹកទំនិញ ឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ បានទូរស័ព្ទទាំងយប់មករាយការណ៏ ប្រាប់នាយខ្វែក សូមអោយផ្សាយប្រកាសជាសាធារណៈ ជំរាបជូនទៅលោកស្នងការ និងលោកអភិបាលខេត្តត្បូងឃ្មុំផង ថាតើកំលាំងនគរបាលខេត្តនេះ ឃាត់រថយន្តដឹកទំនិញ របស់ពួកគាត់ទុកចោលតាំងពីថ្ងៃ រហូតដល់ពេលនេះ មានបញ្ហាអ្វីបានជាមិនព្រមចេញមុខដោះស្រាយ ហើយសួរពីម្នាក់រុញ ទៅម្នាក់យ៉ាងដូច្នេះ។

អ្នករកសុីបានអះអាងថារថយន្ត របស់ពួកខ្លួនដឹកទំនិញនាំចូលពីប្រទេសវៀតណាម បង់ពន្ធត្រឹមត្រូវ ដូចសព្វមួយដង មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ។ ប៉ុន្តែស្រាប់តែនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ ពេលរថយន្តពួកគាត់បើកមកជិតដល់ មុខសាលាខេត្តត្បូងឃ្មុំ ក្នុងទីរួមស្រុកពញាក្រែក ស្រាប់តែមាននគរបាលចរាចរ និងនគរបាលសេដ្ឋកិច្ចខេត្តឃាត់ទុក ដោយមិនប្រាប់ពីមូលហេតុនោះឡើយ។

ពេលអ្នកបើកបរ និងម្ចាស់ទំនិញសួររកពីមូលហេតុពួកគេ មិនបានប្រាប់នោះឡើយ ហើយប្រាប់អោយទាក់ទង ទៅមេរបស់គេទៅដឹងហើយ តែលេខទូរស័ព្ឌដែលពួកគេប្រាប់ថា ជាលេខរបស់មេនោះ គឺតេមិនចូលឡើយ តាំងពីថ្ងៃរហូតដល់យប់ថ្មើនេះ។

ម្ចាស់ទំនិញបានអះអាងបន្តថា ការឃាត់រថយន្តរបស់ពួកគាត់នេះ មន្ត្រីនគរបាលទាំងអស់នោះ គួរតែប្រាប់ពីមូលហេតុ ថាតើឆែកត្រួតពិនិត្យសំបុត្រពន្ធទំនិញ នាំចូល ឃាត់រឿងដឹកលើសទំងន់ ឬឃាត់ត្រួតពិនិត្យបញ្ចេកទេស សូមប្រាប់អោយច្បាស់ តែនេះគេឃាត់ទុកចោល ហើយរញអោយទាក់ទង ទៅមេរបស់ពួកគេ តែលេខទូរស័ព្ឌ ដែលពួកគេប្រាប់អោយតេទៅនោះ គឺតេមិនចូលឡើយ៕