(ភ្នំពេញ)៖ លោក តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះហត្ថលេខា លើគម្រោងកម្មវិធីជាមួយអង្គការចំនួន១៥ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសង្គមកិច្ច នៅកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានោះ គ៏បានពិភាក្សា និងផ្តល់យោបល់ជាមួយអង្គការដៃគូ ដែលបានដាក់ពាក្យស្នើសុំកិច្ចព្រមព្រៀង និងពិភាក្សាពិនិត្យឯកសារ ដែលអង្គការបានបំពេញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងផងដែរ។
លោក តូច ចាន់នី បានលើកឡើងថា មុននឹងក្រសួងសង្គមកិច្ចសម្រេច ចុះកិច្ចព្រមព្រៀងនេះ ក្រុមការងារបាន ចុះពិនិត្យ និងវាយតម្លៃគម្រោងគម្រោងកម្មវិធីរបស់អង្គការដៃគូ ដោយសហការជាមួយមន្ទីរ និងនាយកដ្ឋានពាក់ព័ន្ធ និងបានធ្វើរបាយការណ៍ពីលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធីជូនថ្នាក់ដឹកនាំ និងបានប្រជុំជាមួយមន្រ្តីជំនាញ និងតំណាងអង្គការដៃគូ ដើម្បីពិនិត្យ និងសម្រួលលើខ្លឹមសារនៃកិច្ចព្រមព្រៀងគម្រោងកម្មវិធីរបស់អង្គការនីមួយៗ ដើម្បីប្រជុំពិនិត្យសម្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីនាថ្ងៃនេះ។
គួរបញ្ជាក់ថា អង្គការចំនួន១៥នោះ រួមមាន អង្គការវិទ្យាស្ថានអភិវឌ្ឍវប្បធម៌ខ្មែរ អង្គការមូលនិធិអូស្រ្តាលីកម្ពុជា អង្គការហ្រ្វី ធូ ហ្សាញ អង្គការមូលនិធិកុមារកម្ពុជា អង្គការកុមារកំព្រាមេគង្គ អង្គការមិត្តសម្លាញ់ អង្គការមេត្តាករុណា អង្គការថ្មជ្រុងយ៉ាងឯក អង្គការមូលនិធិព័ន្ធកិច្ចមេត្តា អង្គការពន្លឺកម្ពុជា អង្គការអាសមប្លីអូហ្វហ្កត អង្គការអ្នកម្តាយជួយដល់ជនក្រីក្រកម្ពុជា អង្គការមជ្ឈមណ្ឌលជម្រកនៃសេចក្តីស្រឡាញ់ អង្គការសេហ្វផ្លេសមិនសិន អង្គការបែងចែកមូលនិធិ។
អង្គការចំនួន១៥នេះ មានសុពលភាពនៃកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រយៈពេល០៣ឆ្នាំ ដែលមានទឹកប្រាក់សរុប ២០,៤៩០,៧៧៧ ដុល្លារ៕