(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំត្រូវបានជ្រើសរើសមន្រ្តីក្របខណ្ឌច្រើនជាងគេក្នុងមួយឆ្នាំៗ គឺមានរហូតដល់ ៥ពាន់នាក់ ដើម្បីបំពេញការអប់រំនៅកម្ពុជា។
* សម្តេចតេជោ បានចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីមកពីសាកលភូមិន្ទទាំងអស់។ សម្តេចតេជោថា ការសម្រេចបានលទ្ធផលដ៏ជោគជ័យ គឺកើតចេញពីការខិតខំរបស់និស្សិតគ្រប់រូប រួមទាំងការជួយជ្រោមជ្រែងជំរុញពីក្រុមគ្រួសារផងដែរ។ សម្តេចតេជោ រំលឹកជាថ្មីថា ការជោគជ័យលើចំណេះដឹងនេះ មិនអាចកើតមានតាមរយៈការចាក់ប្តូរឈាមនោះទេ គឺបានកើតចេញពីខិតខំប្រឹងប្រែង។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅមានយុវជនមួយចំនួនកំពុងដើរផ្លូវខុស ដោយសារការសេពគ្រឿងញៀន ហើយរាជរដ្ឋាភិបាល កំពុងអូសទាញពួកគេ។ ដើម្បីទាញយុវជនចេញពីបញ្ហាគ្រឿងញៀន សម្តេចអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ពោលគឺអាណាព្យាបាល ត្រូវតែចូលរួមអប់រំកូនចៅ និងអូសទាញពួកគេឲ្យចេញឆ្ងាយពីគ្រឿងញៀន។
* សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលខិតខំកសាង និងរក្សាសន្តិភាព ព្រមទាំងទាក់ទាញវិនិយោគ ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ ប៉ុន្តែយុវជនមួយចំនួន មិនខិតខំទាញយកប្រយោជន៍ពីការអភិវឌ្ឍរបស់ប្រទេសជាតិ បែរជាធ្វើឲ្យខ្លួនឲ្យរងគ្រោះដោយសារគ្រឿងញៀន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ទៅដល់មនុស្សម្នាក់នៅប្រទេសបារាំង ដែលបានបង្ហោះរូបភាពបង្ហាញពីទឹកភ្លៀងលិចរាជធានីភ្នំពេញ ខណៈដែលមិនព្រមបង្ហោះរូបភាពទឹកជន់លិចនៅទីក្រុងប៉ារីស។ សម្តេចតេជោ បានបញ្ជាក់ថា រឿងទឹកជន់លិចមិនមែនមានតែភ្នំពេញទេ នៅបាងកក នៅមេនីឡា នៅប៉ារីសក៏លិចដែរ។ សម្តេចតេជោ បញ្ជាក់ថា ការលិចនេះដោយសារលូរំដោះទឹកមិនទាន់ ហើយទឹកទន្លេ ក៏រំដោះមិនទាន់ដែរ ដោយសារចំណុះទឹកនៅលើទទួលមិនអស់ក៏ធ្វើឲ្យលិច។
បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបង្ហាញអ្នកបង្ហោះនោះក៏ដោយ តែត្រូវបានគេដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះអំពីទឹកលិចទីក្រុងភ្នំពេញ ខណៈភ្លៀងកំពុងធ្លាក់។ «០៨ មិថុនា ២០១៦ នៅរសៀលនេះ មានភ្លៀងមួយមេធំធ្លាក់រយៈពេលប្រហែលកន្លះម៉ោង បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញ លិចលង់ ដែលបង្កការលំបាកដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់មួយចំនួននោះ»។
* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ថា មើលឃើញតែចំណុចអវិជ្ជមាន មិនព្រមមើលឃើញពីចំណុចវិជ្ជមាន របស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បន្តថា បើខ្លាំងធ្វើឲ្យស្មើភាពគ្នា កុំបង្ហោះតែរូបភាពទឹកលិចបង្ហោះរូបអគារខ្ពស់ៗផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា កម្ពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះ មានចំនួនច្រើនតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក ដែលនៅមុខវាំងមានកម្ពស់ប្រមាណ ៩,៥ម៉ែត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកម្ពុជា មិនដែលខ្លាចចិននោះទេ ហើយចិនក៏មិនដែលគំរាមកម្ពុជា ឬកំណត់ផ្លូវឲ្យកម្ពុជាដែរ កម្ពុជា មានអធិបតេយ្យភាពរបស់ខ្លួន។ សម្តេចតេជោ បានបញ្ជាក់ថា ចិន មិនដូចប្រទេសខ្លះគំរាមកាត់ផ្តាច់ជំនួយ សម្តេចបញ្ជាក់ថា ផ្តាច់ ក៏ផ្តាច់ទៅ អ្នកដែលស្លាប់មុនគេ គឺអ្នកស៊ីប្រាក់ខែរបស់ប្រទេសទាំងអស់នេះ។ សម្តេចតេជោថា កុំមកគំរាមខ្មែរ។
* សម្តេចតេជោ បានថ្លែងសារផ្ញើទៅកាន់អ្នកនយោបាយថា គ្មានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នាពេលខាងមុខនោះទេ ហើយបើមានក៏គ្មាន ការនិយាយពីរឿងពាក់ព័ន្ធការអនុវត្តនីតិវិធីរបស់តុលាការ ឬរឿងរបស់អ្នកជាប់គុកនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសផងដែរថា កុំឲ្យគំរាមធ្វើបាតុកម្ម គឺសម្តេចមិនលើកឡែងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថា មេដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ គឺជាអ្នកបង្កើតរឿងចោទប្រកាន់ភរិយា និងកូនសម្តេច ជាស្រី និងកូន របស់មេដឹកនាំវៀតណាម ឡេឌឹក ថូ។ សម្តេចតេជោថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការវាយប្រហារនេះ ហើយសម្តេចមិនអត់ឱនឲ្យ នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានយកការឈឺចាប់ដោយការប្រមាថនេះ ផ្ញើទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំប្រទេសដទៃទៀត រួមទាំងអ្នកវិភាគផងដែរថា តើអាចទទួលយកបានដែរទេ បើមានការប្រមាថដូចសម្តេចបែបនេះ?
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចារលើព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានអ្វីខុសនោះទេ ព្រោះក្នុងរដ្ឋធម្មនុញ្ញមិនបានហាមឃាត់ រឿងនេះឡើយ។ សម្តេចបានជំរុញឲ្យក្រុមបក្សប្រឆាំង ទៅសួរព្រះមហាក្សត្រ បើចង់ដឹងថា ការចារលើព្រះរាជសារត្រូវ ឬខុស?