(ភ្នំពេញ)៖ លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ ធ្វើឡើងដោយមានការចូលរួមពីអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សា និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, និង ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ស្នងការ ស្នងការរង, មេបញ្ជាការ មេបញ្ជាការរង អធិការ និង មន្រ្តីនៃមន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន ១១៦នាក់។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណង រួមមាន៖
* ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងនគរបាលយុត្តធម៌ និងអាជ្ញាធរតុលាការឲ្យកាន់តែប្រសើរ ធានាបាននូវប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ជូនជាតិ និងប្រជាជន។
* ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌។
* ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើស និងការកសាងសំណុំរឿងទៅតុលាការ។
* ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធី។
ថ្លែងក្នុងកិច្ចប្រជុំ លោកប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំគ្នានេះ បណ្តាលមកពីកត្តាសន្តិភាព និងស្ថានភាពកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការរាជធានីភ្នំពេញ ទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន ពិសេសប្រជាជនរាជធានីភ្នំពេញ ទាំងមូលដែលជាភ័ព្វសំណាងរបស់ប្រជាជន ដែលមានមន្ត្រីល្អៗអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ក្រោយពីបានស្តាប់បទអន្តរាគមន៍របស់ លោក ច្រឹង ខ្មៅ និងរបាយការណ៍របស់លោក តាំង ស៊ុនឡាយ, លោក សេង ស៉ីវុត្ថា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល នានាដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបាន ប្រកបដោយការរីកចម្រើន ការកែល្អហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយការកកស្ទះសុំណុំរឿង និងបានសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយនគរបាលយុត្តិធម៌បានល្អប្រសើរ ធានាបាននូវប្រសិទ្ធភាពនៃការបង្រ្កាបបទល្មើសបានទាន់ពេលវេលា និងផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋបានឆាប់រហ័សស្របតាមគោលការណ៍ច្បាប់គួរជាទីមោទនៈ។
លោកបន្តថា «ទោះបីជាយើងសម្រេចបានជោគជ័យយ៉ាងណាក្តី ក៏យើងនៅមានចំណុចខ្វះខាត ជាបញ្ហាប្រឈម ដែលអាចកើតមានឡើងជាយថាហេតុ ដែលតម្រូវឲ្យយើងរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ ដើម្បីជាឧត្តមប្រយោជន៍ នៃការពង្រឹងនិងការលើកកម្ពស់វិស័យយុត្តិធម៌ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ»។
ក្នុងឱកាសនេះដែរ លោក សេង ស៉ីវុត្ថា បានផ្តល់មតិបន្ថែមមួយចំនួនជូនអង្គប្រជុំ រួមមាន៖
* ត្រូវបន្តសិក្សារៀនសូត្រ ដកបទពិសោធន៍បន្ថែមទៀត ដើម្បីពង្រឹងសមត្ថកិច្ចជំនាញផ្នែកច្បាប់ឲ្យកាន់តែល្អប្រសើរ ធានាបាននូវប្រសិទ្ធិភាពនៃការអនុត្តច្បាប់ឲ្យកាន់តែល្អប្រសើរ។
* ត្រូវពង្រឹងការគោរពវិន័យ ក្រមសីលធម៌ឲ្យបានខ្ជាប់ខ្លួនជាអាទិ៍ អភិក្រមទាំង០៥ របស់សម្តចតេជោនាយករដ្ឋមន្រ្តី សុគតិធម៌ទាំង៥ និងត្រូវចៀសវាងអគតិទាំង៤។
ក្នុងនោះដែរ លោក អ៊ុក សាវុធ បានស្នើដល់ចៅក្រម និងព្រះរាជអាជ្ញា និងមន្រ្តីនគរបាលយុត្តិធម៌ត្រូវយកចិត្ត ទុកដាក់ក្នុងការស៊ើបអង្កេតរបស់ខ្លួននោះ ឲ្យច្បាស់លាស់នោះគឺត្រូវចុះដល់ទីកន្លែង ធ្វើឲ្យគូភាគីអស់ចិត្ត និងទទួលយកបាននូវសេចក្តីសម្រេចមួយដ៏ត្រឹមត្រូវ ដែលទទួលយកបានទាំងអស់គ្នា។
លោកបន្ថែមថា «ចំពោះការឆែកឆេរលំនៅឋាន ទីតាំងអាជីវកម្ម ឃ្លាំងស្តុកទំនិញ ឱសថស្ថានថ្នាំពេទ្យជាដើម ការឆែកឆេរខ្លះវាធ្វើឲ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាបុគ្គលិកធ្វើការ ជាកម្មករ អាជីវករ ដែលកំពុងដំណើរការអាជីវកម្មរបស់ពួកគាត់ សូមព្រះរាជអាជ្ញា និង ចៅក្រម និងមន្រ្តីនគរបាលយុត្តធម៌ទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត។ មុននឹងប្រតិបត្តិការ ត្រូវស៊ើបអង្កេតឲ្យបានម៉ត់ចត់ មានភស្តុតាងច្បាស់ ចាំយើងធ្វើ»។
លោកជំរុញថា ត្រូវគិតពីជីវភាព និងការរស់នៅរបស់ពួកគាត់ជាចំបង និងត្រូវរួមគ្នាការពារផលប្រយោជន៍ប្រជាពលរដ្ឋ ការពារសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ការពារសន្តិសុខ សន្តិភាពសង្គមតាមរយៈការអនុវត្តច្បាប់ តាមរយៈសេចក្តីសម្រេចមួយដ៏ត្រឹមត្រូវតាមច្បាប់៕