(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុករបស់ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំការជំរុញ និងពង្រឹងទំនាក់ទំនងផ្សារភ្ជាប់សុខទុក្ខជាមួយកម្មករ ពលករចំណាកស្រុកbនៃខេត្តព្រៃវែង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត អភិបាល អភិបាលរងស្រុក-ក្រុង មន្រ្តីបង្គោលនៃក្រុមលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សរុបមានអ្នកចូលរួមចំនួនប្រមាណ ៦០នាក់។

ថ្លែងមតិបើកកិច្ចប្រជុំ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារ បានថ្លែងកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកម្មករ ពលករចំណាកស្រុកនៅតាមស្រុក ក្រុងទាំង១៣ ក្នុងខេត្តព្រៃវែង ដែលជាងពីរឆ្នាំកន្លងមកនេះ បានពុះពារបំពេញការងារនិងបានធ្វើជាជំនួយការប្រកបដោយប្រសិទ្ធភាពឱ្យរដ្ឋបាលខេត្ត ស្រុក ក្រុង ក្នុងការគ្រប់គ្រងដោះស្រាយបញ្ហាចំណាកស្រុក ដើម្បីចូលរួមយ៉ាងសកម្មក្នុងចលនាជាតិក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រយុទ្ធយកឈ្នះកូវីដ-១៩ ដែលបានអនុញ្ញាតដល់ការបើកសេដ្ឋកិច្ច និងសកម្មភាពសង្គមជាតិលើគ្រប់វិស័យ ឱ្យបានដំណើរការជាប្រក្រតីឡើងវិញរហូតមកដល់សព្វថ្ងៃ។

បន្ទាប់ពីការចូលរួមមតិយោបល់ពិភាក្សាយ៉ាងផុលផុសពីសំណាក់សមាជិកនៃអង្គប្រជុំលើខ្លឹមសារសេចក្តីណែនាំស្តីពីការពង្រឹងទំនាក់ទំនងផ្សារភា្ជប់សុខទុក្ខជាមួយកម្មករ ពលករចំណាកស្រុក នៃខេត្តព្រៃវែង រួចមក លោករដ្ឋមន្រ្តីប្រធានក្រុមការងារ បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សារភ្ជាប់សុខទុក្ខជាមួយ
បងប្អូនកម្មករ ពលករចំណាកស្រុក និងក្រុមញាតិគ្រួសារនេះ គឺជាសកម្មភាពការងារអាទិភាពដែលគ្រប់ក្រុមការងារ និងយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្ម ដើម្បីបង្កើតឱ្យបានកម្លាំងសរុប មធ្យោបាយសរុប សំដៅពង្រឹងឧត្តមភាពប្រៀបនយោបាយរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដូចអ្វីដែលយើងសំរេចបានកន្លងមកគឺជំនឿនិងការគំាទ្ររបស់ប្រជាជន ក៏ដូចជាកម្មករ ពលករចំណាកស្រុក ដែលបានរួមចំណែកដល់ ទទួលបានជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងមក។

សម្រាប់រយៈពេលខាងមុខ ការងារចំណាកស្រុកត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ដល់ការកសាង ពង្រឹង និងបង្កើនការផ្សារភ្ជាប់សុខទុក្ខជាប្រចាំសំដៅដណ្តើមសមានចិត្ត បង្កើនជំនឿ និងការគាំទ្រជាបន្តទៀតរបស់កម្មករ ពលករចំណាកស្រុកចំពោះគណបក្សប្រជាជនកម្ពុជា។ ហេតុនេះក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការងារកសាង ពង្រឹងបណ្តាញផ្សារភ្ជាប់សុខទុក្ខឱ្យដើរទន្ទឹមនឹងការបង្កើនការជួបប្រាស្រ័យ រាក់ទាក់ រួមសុខ រួមទុក្ខ ឈឺឆ្អាល ជួយយកអាសា ដោះស្រាយទុក្ខធុរៈ របស់បងប្អូនកម្មករ ពលករចំណាកស្រុក និងក្រុមញាតិគ្រួសារនៅសហគមន៍។

លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារចំណាកស្រុកនៃខេត្តព្រៃវែង បានធ្វើការគូសបញ្ជាក់ពីប្រសិទ្ធភាពនៃការចាត់តាំងអនុវត្តសេចក្តីណែនាំនេះ ដោយត្រូវជំរុញកិច្ចសហការល្អរវាងកម្លាំងសរុបនៃក្រុមការងារចម្រុះនៅមូលដ្ឋានជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយខិតខំរិះរក និងប្រើប្រាស់គ្រប់រូបភាព និងមធ្យោបាយសរុប ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ជាមួយកម្លាំងសាមគ្គីប្រជាជាតិនៅទូទាំងប្រទេស គាំទ្រយ៉ាងរឹងមាំ បុព្វហេតុនៃសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់គណបក្សប្រជាជនកម្ពុជា សំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខ៕