(អាមេរិក)៖ បេក្ខជនប្រធានាធិបតីអាមេរិក ដែលកំពុងនាំមុខក្នុងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំភ៍ បានអំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លាលែងចេញពីតំណែងប្រធានាធិបតីអាមេរិក ភ្លាមទៅដោយមិនចាំបាច់ដល់ថ្ងៃបោះឆ្នោតនោះទេ។
ការលើកឡើងបែបនេះ គឺក្រោយពីការកើតមានការវាយប្រហារដ៏រន្ធត់ផ្ទួនៗ នៅក្នុងក្លឹបកំសាន្តមួយ នៅក្នុងទីក្រុង អូឡាន់ដូ រដ្ឋផ្លូរីដា ដែលជាទង្វើរបស់ពួក ISIS បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៥០នាក់ និង ៥៣នាក់ផ្សេងទៀត បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។
ការវាយប្រហារកាលពីសប្តាហ៍មុននេះ បានកើតឡើងចំនួនពីរលើក គឺនៅថ្ងៃសុក្រ មានការវាយប្រហារទៅលើតារា ចម្រៀងដែលធ្លាប់ប្រកួតក្នុងកម្មវិធី The Voice វ័យ ២២ឆ្នាំ នៅពេលនាងកំពុងសម្តែង លើឆាក ដែលការណោះទាំង ជនបង្កនិងជនរងគ្រោះបានស្លាប់។ រំលងមួយថ្ងៃមកដល់យប់ថ្ងៃសៅរ៍ ក្លឹបកម្សាន្តរបស់មនុស្សភេទទីបី ឈ្មោះ Pulse បានទទួលរងការវាយប្រហារដោយខ្មាន់កាំភ្លើង ដែលបានចូលទៅបាញ់រះ និងចាប់មនុស្សជាច្រើនជាចំណាប់ខ្មាំង ហើយក្រោយ ពីប៉ូលិសសម្រេចចិត្តចូលទៅបង្ក្រាប ទើបសង្គ្រោះបានមនុស្ស ៣០នាក់, ៤២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ, និង ៥០នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
ប្រការនេះហើយ ទើបលោក ដូណាល់ ត្រាំភ៍ បានថ្លែងវាយប្រហារទៅលើលោក អូបាម៉ា ថា «វាជាការវាយប្រហារ ដោយពួករ៉ាឌីកាល់អ៊ីស្លាម នៅសហរដ្ឋអាមេរិក ប្រសិនបើយើងមិនឆ្លាតវៃ និងដោះស្រាយបញ្ហាប្រកបដោយភាព រហ័សនឹងតឹងរឹងទេនោះ យើងមិនចាំបាច់ដឹកនាំប្រទេសនេះទៀតទេ។ ពីព្រោះតែមេដឹកនាំរបស់យើងខ្សោយ ខ្ញុំ អាចនិយាយថាជាមូលហេតុនាំឲ្យកើតរឿងនេះ។ ដូច្នេះអ្វីៗ មានតែផ្លូវមួយទៅរកភាពអន្តរាយតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំភ៍ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះលោក អូបាម៉ា ដែលមិនបសនប្រើប្រាស់ពាក្យ «រ៉ាឌីកាល់អ៊ីស្លាម» ក្នុងសេចក្តីថ្លែងការណ៍របស់លោកក្រោយការវាយប្រហារផ្ទួនៗនៅទីក្រុងអូឡាន់ដូ រដ្ឋផ្លូរីដា។ លោក ត្រាំភ៍ ក៏បានវាយប្រហារដោយពាក្យសម្តីថែមទៀត ទៅកាន់លោកស្រី ហ៊ីលឡារី គ្លីនតុន ថាលោកស្រី គួរតែ ចុះចេញពីការប្រកួតតំណែងប្រធានាធិបតីនេះទៅ ប្រសិនបើមិនព្រមទទួលស្គាល់ថា ទង្វើនេះបង្កឡើងដោយពួក រ៉ាឌីកាល់អ៊ីស្លាម៕