(ភ្នំពេញ)៖ តុលាការកំពូល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានសម្រេចប្រគល់លិខិតឆ្លងដែនជូនដល់ អតីតបុគ្គលវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ដើម្បីឱ្យជនជាប់ចោទនេះ អាចប្រើប្រាស់ដើម្បីទៅលេងស្រុកកំណើតនៅកម្ពុជាក្រោម។
លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា នៅព្រឹកថ្ងៃទី២៦ ខែតុលា កន្លងទៅបានចូលរួមសវនាការនៅតុលាការកំពូល ទាក់ទងនឹងបណ្ដឹងសាទុក្ខ ដែលលោកស្នើសុំឯកសារសម្គាល់ខ្លួន រួមមានអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនមកវិញ ដើម្បីទៅសួរសុខទុក្ខឪពុកម្ដាយ សាច់ញាតិ ជាពិសេសបងស្រីរបស់លោក ដែលកំពុងឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ។
លោក យាង សុធារិន្ទ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាមួយលោក អ៊ួន ឈិន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងមួយករណីទៀតពីបទ «ផលិតនិងកាន់កាប់រូបភាពអាសអាភាស»។ អ្នកទាំងពីរ ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ កាលពីឆ្នាំ២០១៨៕