(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបេឡាជាតិរបបសន្តិសុខសង្គម រៀបចំសិក្ខាសាលា ផ្សព្វផ្សាយពីបទដ្ឋានគតិយុត្ត និងច្បាប់ដែលទាក់ទងនឹងវិស័យការងារ និងគាំពារសង្គម ដែលមានការចូលរួមពីវិស័យឯកជន រោងចក្រ សហគ្រាស ដែលជាសមាជិករបស់សមាគមទាំងពីរ។

សិក្ខាសាលាដែលបានធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពី វាគ្មិន លោក ឃុត អ៊ូច ប្រធានការិយាល័យ នៃនាយកដ្ឋានវិវាទការងារ និងមន្ត្រីមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើការបកស្រាយពីប្រធានបទ ការស្នើសុំការទទួលស្គាល់ប្រតិភូបុគ្គលិកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយនាយកដ្ឋាន មុខរបរ និងហត្ថពលកម្ម, សំណុំបែបបទស្តីពីសហគ្រាស និងលក្ខខណ្ឌការងារ នៃនាយកដ្ឋានអធិការកិច្ចការងារ ដល់តំណាង រោងចក្រ សហគ្រាស ដែលបានចូលរួម ដើម្បីយកទៅអនុវត្ត ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសមស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សមាគមក៏បានអញ្ជើញវាគ្មិន លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក និងលោក ឡាត់ មារ៉ា អនុប្រធាននាយកដ្ឋានបញ្ជីការ និងភាគទាន នៃបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីធ្វើការបកស្រាយបន្ថែម អំពីប្រធានបទ ស្ដីពីការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលិកទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និង E-Form ថ្មី ។

ដោយសារៈសំខាន់នៃប្រធានបទខាងលើនេៈ សមាគមបានរៀបចំកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីឲ្យវិស័យឯកជនបានត្រៀមខ្លួន ក៏ដូចជាកម្មករ និង ប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្ត ដើម្បីលើកស្ទួយដល់ជីវភាពរស់នៅកម្មករ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕