(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តចំនួន៥ នឹងត្រូវធ្វើការផ្លាស់ប្តូរតំណែងនាពេលឆាប់ៗខាងមុខនេះ ក្នុងនោះស្នងការខ្លះ ត្រូវទៅកាន់តំណែងថ្មី ចូលនិវត្តន៍ ហើយស្នងការខ្លះទៀត នឹងត្រូវផ្លាស់ចេញពីខេត្តរបស់ខ្លួន ទៅកាន់ខេត្តផ្សេង។ នេះបើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលួចទម្លាយ មកដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
មន្រ្តីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា ស្នងការនគរបាលខេត្តទាំង៥នោះ រួមមាន ស្នងការខេត្តព្រះសីហនុ ដ៏មានប្រជាប្រីយភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងត្រូវទៅកាន់ស្នងការខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ សត ណាឌី ដែលត្រូវចូលនិវត្តន៍។ ដោយឡែកស្នងការខេត្តតាកែវ លោកឧត្តមសេនីយ៍ អ៊ុក សំណាង នឹងត្រូវទៅកាន់ស្នងការខេត្តព្រះសីហនុវិញ ខណ:ដែលលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ដែលជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវជំនួសលោកឧត្តមសេនីយ៍ អ៊ុក សំណាង។
សម្រាប់ខេត្តកំពង់ស្ពឺវិញ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលផែនអន្តោប្រវេសន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងត្រូវតែងតាំងជាស្នងការខេត្ត ជំនួសលោកឧត្តមសេនីយ៍ កែវ ពិសី ដែលត្រូវចូលនិវត្តន៍ ខណ:ដែលខេត្តកំពង់ឆ្នាំងវិញ លោកវរសេនីយ៍ឯក ឡុច វណ្ណរ៉ា ស្នងការរង ទៅជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងត្រូវតែងតាំងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ដែលត្រូវចូលនិវត្តន៍។
យ៉ាងណាក៏ដោយ សម្រាប់ការផ្លាស់ប្តូរស្នងការនគរបាលខេត្តទាំងនេះ គឺកំពុងស្ថិតនៅក្នងដំណើរការ នៅនាយកដ្ឋានបុគ្គលិក ដើម្បីត្រៀមបញ្ជូនទៅថ្នាក់លើសម្រេច និងឯកភាព៕