(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA គំរាមចាត់វិធានការក្តៅទៅលើក្រុមជម្រើសជាតិអង់គ្លេស និងរុស្ស៊ី ប្រសិនអ្នកគាំទ្រផ្ទុះហិង្សាដាក់គ្នាជាលើកទី២ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំង ដែលដំណើរការបាន៣ថ្ងៃមកហើយនេះ។
សារព័ត៌មាន Dailymail បានធ្វើការដកស្រង់សេចក្តីថ្លែងការណ៍របស់ UEFA ឲ្យដឹងថា «ការខកចិត្តនឹងកើតឡើង ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងរុស្ស៊ី ប្រសិនបើអ្នកគាំទ្រនៅតែមិនអាចគ្រប់គ្រងស្ថានការណ៍ចំពោះ លទ្ធផលក្រុមជម្រើសជាតិរបស់ខ្លួនទទួលបាននោះ ហើយបេសកកម្មរបស់អង់គ្លេស និងរុស្ស៊ី នឹងត្រូវបានបញ្ចប់ភ្លាមៗ ករណីណាមានផ្ទុះហិង្សាជាលើកទី២ ទៀតនោះ»។
សូមបញ្ជាក់ផងដែរ ការគំរាមចាត់វិធាការណ៍ក្តៅបែបនេះ គឺបានកើតឡើងនៅក្រោយពេលក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ ជម្រើសជាតិរុស្ស៊ី បានបង្កហិង្សាទៅលើក្រុមអ្នកគាំទ្រអង់គ្លេស ដែលបណ្តាលឲ្យមានមនុស្ស ២០នាក់ចូលពេទ្យ ក្នុងនោះមាន២នាក់រងរបួសធ្ងន់ ក្រោយពេលក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីរាត្រីថ្ងៃសៅរ៍ ទី១១ មិថុនា ប្រកួតសន្សំពិន្ទុក្នុងពូល B ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនេះបានប៉ះទង្គិចគ្នារយៈពេល៣ថ្ងៃមកហើយ ក្នុងទីក្រុង Marseille មុនការប្រកួតមកដល់ទៀត។
តែយ៉ាងណាក៏ដោយ UEFA ក៏បានប្រកាសបើកការស៊ើបអង្កេតរួចហើយម្សិលមិញនេះ ចំពោះរឿងហេតុដែលបាន កើតឡើង លទ្ធផលស្តែងចេញជាផ្លូវការនៅថ្ងៃអង្គារស្អែក ដោយរង់ចាំមើលទាំងអស់គ្នា ថាតើ UEFA ដាក់ទោសក្រុម ទាំងពីរខាងលើយ៉ាងណា ពិន័យជាប្រាក់ ប្រកួតបិទទ្វារ ឬក៏កាត់ពិន្ទុ?