(សៀមរាប)៖ លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមងារចុះជួយសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារផ្ទុកមេរោគអេដស៍ចំនួន៥គ្រួសារ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ថ្លែងនាឳកាសនោះលោកស្រី សុខ ណារ៉ូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី បានបន្តថាថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះមានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រី សុខ ណារ៉ូ ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះទាំងអស់ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឲ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឲ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍ និងបានធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់សូមកុំអស់ក្តីសង្ឃឹមព្រោះជំងឺអេដស៍ បច្ចុប្បន្នមានថ្នាំប្រឆាំងឱ្យតែគោរពបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួនឱ្យបានល្អ នោះនឹងអាចរស់រានដូចពលរដ្ឋធម្មតា។
ទន្ទឹមនឹងនេះដែរ លោកស្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដោយរដូវនេះជារដូវភ្លៀងធ្លាក់សម្បូរដោយជំងឺផ្សេងៗពិសេសជំងឺគ្រុនឈាម ដែលបង្កឡើងដោយមូសខ្លា ហេតុនេះសូមប្រុងប្រយ័ត្នចំពោះសុខភាពខ្លួនឯង និងកូនចៅតូចៗ ដោយត្រូវដេកក្នុងមុង និងស្លៀកពាក់ខោអាវវែងៗជាប្រចាំ។ បើសិនជាឃើញសភាពមិនស្រួល ឬមានជំងឺគ្រុនក្ដៅ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតជាបន្ទាន់។
ជាមួយនេះដែរ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀលផងដែរ៕