(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅទីក្រុងយូណាន ប្រទេសចិន។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំពិសេសរយៈពេលពីរថ្ងៃ (១៣-១៤ មិថុនា) រដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន នឹងពិភាក្សាអំពីការអនុវត្តដោយពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ នៃការប្រតិបត្តិរបស់បណ្តាភាគី ក្នុងសមុទ្រចិនខាងត្បូង (DOC) និងការពិគ្រោះយោបល់អំពីក្រមប្រតិបត្តិ COC ផងដែរ។
បើតាមសេចក្តីជូនព័ត៌មានដដែល ក្រៅពីនិយាយអំពីជម្លោះសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំនេះ ក៍នឹងពិភាក្សាទៅលើរបៀបវារៈមួយចំនួន ទៀតរួមមាន៖
- ពិនិត្យឡើងវិញនូវការរីកចម្រើន នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ
- ពិភាក្សាអំពីទិដៅអនាគត និងវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការ
- ប្រារព្ធខួបលើកទី២៥ នៃទំនាក់ទំនង កិច្ចសន្ទនាអាស៊ាន-ចិន៕