(កំពង់ឆ្នាំង)៖ ថ្មីៗនេះមានការរិះគន់ជាសាធារណៈថា រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចុះហាមឃាត់កីឡាបាល់ទះមិនឱ្យលេង ហេតុដូចនេះរដ្ឋបាលស្រុក សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះបិទតារាងបាល់ទះមួយកន្លែង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នោះ ដោយសារតែមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា តារាងបាល់ទះខាងលើនោះ គឺបានលេងភ្នាល់ដាក់ប្រាក់រហូតទៅដល់ជិត១ពាន់ដុល្លារនៅក្នុងមួយសិចៗ។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានចុះទៅបិទ និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់តារាងបាល់ទះឈ្មោះ កែវ ណារី ស្ថិតក្នុងភូមិកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើកិច្ចសន្យា និងណែនាំអប់រំដល់ម្ចាស់តារាងបាល់ទះខាងលើនេះឲ្យបញ្ឈប់ការលេងភ្នាល់ដាក់ប្រាក់ជាបន្តទៀត។
រដ្ឋបាលស្រុកសូមបញ្ជាក់ថា ចំពោះកីឡាដែលលេងដើម្បីសុខភាព គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ពុំមានការហាមឃាត់នោះទេ ពោលមានតែការលើកស្ទួយដល់វិស័យកីឡា ទាំងនោះថែមទៀតផង៕