(ភ្នំពេញ)៖ ក្រោយការដាក់អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ, រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្ត គោលនយោបាយគន្លឹះ ក្នុងការផ្តល់ព័ត៌មានពិតឲ្យបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ស្តីពីដំណើររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយនានា។
ជាក់ស្ដែង នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន Meta បានសហការរៀបចំសិក្ខាសាលាស្តីពី «វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel)។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សមាគម និងសង្គមស៊ីវិល សរុបប្រមាណ ១២០ រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យឯកជន និងវិស័យសាធារណៈសំខាន់ៗ ពាក់ព័ន្ធនឹងធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល ដែលមានដូចជា ៖
(១)៖ គេហទំព័ររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (www.digitaleconomy.gov.kh) ដាក់បង្ហាញនូវសកម្មភាពការងាររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ទិន្នន័យ ថ្នាល
ឌីជីថល និងគម្រោងគាំទ្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យដែលគាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថល។
(២)៖ ថ្នាលធុរកិច្ច (www.business.gov.kh) ប្រមូលផ្តុំព័ត៌មានស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា ដាក់ក្នុងកន្លែងតែមួយ សម្រួលដល់ធុរជនក្នុងការស្វែងរកព័ត៌មានស្ដីពីការស្នើសុំវិញ្ញាបនបត្រ, អាជ្ញាបណ្ណ
និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងកិច្ចការងារផ្សេងៗទៀតក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
(៣)៖ ថ្នាលធុរកិច្ចថ្មីកម្ពុជា (www.startupcambodia.gov.kh) ជាផ្នែកមួយនៃកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា បង្កើតឡើងដើម្បីរៀបបញ្ជី នៃតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា សំដៅបង្កើនអន្តរសកម្មរវាងតួអង្គគាំទ្រធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែមានភាពប្រទាក់ក្រឡា និងរស់រវើក។
(៤)៖ គម្រោង Go4eCam ផ្តល់នូវលក្ខខណ្ឌចាំបាច់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធិប្រើប្រាស់ថវិកាតាមតម្រូវការ ក្នុងការចាប់យកពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការតៀមខ្លួន ក្នុងការនាំចេញ។
ទន្ទឹមនេះ, សិក្ខាសាលាក៏បានផ្សព្វផ្សាយ ពីវេបផតថលសេដ្ឋកិច្ចឌីជីថល (www.dep.kh) ដែលជាវេបផតថល ផ្តល់ព័ត៌មានស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលរៀបចំឡើងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Meta ផងដែរ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងស្របតាមការណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលបានមើលឃើញពីសារៈសំខាន់, សក្តានុពល និងកាលានុវត្តភាព នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា។
ការទទួលបានទិន្នន័យ និងព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចទុកចិត្តបាន ពីសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល តាមរយៈវបផតថល និងមធ្យោបាយផ្សព្វផ្សាយខាងលើ មានសារៈសំខាន់ ក្នុងការជំរុញការចាប់យកឌីជីថល និងបរិយាប័ន្នឌីជីថល និងលើកស្ទួយការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលរស់រវើក និងប្រកបដោយបរិយាប័ន្ន។
ទន្ទឹមនេះ ការរៀបចំសិក្ខាសាលានេះ ឡើងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់នៃសហថាមពល (Synergy) ដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការ និងវិស័យរដ្ឋ និងឯកជន ក្នុងការជំរុញឱ្យមានការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលនៅលើគ្រប់វិស័យ និងតួអង្គ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលគាប់ប្រសើរ ដូចការរំពឹងទុកថែមទាំង ទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្តែង ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់៕