(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងជាប្រធានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធបើកជាផ្លូវការទារកដ្ឋានប្រចាំសហគមន៍សម្រាប់កូនកម្មករ-កម្មការិនីរោងចក្រ ចំនួនបួន ក្នុងពេលតែមួយ ក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមជាង៣០០នាក់ មកពីស្រុកក្រុងចំនួន៣គឺ ស្រុកសំរោងទង ស្រុកគងពិសី និងក្រុងច្បារមន។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីបានលើកឡើងដែរថា ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រ ការអនុវត្ត តាមបែបពហុវិស័យបញ្ចូលគ្នា។
ជាក់ស្ដែងការស្រាវជ្រាវជាច្រើន បានឱ្យដឹងថា កុមារដែលបានទទួលសេវាថែទាំគាំពារប្រកបដោយវិជ្ជមាន និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។
ជាពិសេសចាប់ពីកកំណើតរហូតដល់អាយុក្រោម៣ឆ្នាំ គឺជាអំឡុងពេលដែលមាតាបិតានិងអ្នកមើលថែកុមារតូច ត្រូវផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាលមានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាល ដំបូងនេះកោសិកាខួរក្បាលកុមារមានការលូតលាស់យ៉ាងឆាប់រហ័សរហូតដល់៧០%។
កុមារអាយុ៣ឆ្នាំអាចអភិវឌ្ឍរហូតដល់៨០% នៃខួរក្បាលរបស់មនុស្សធំ និងរហូតដល់៩០% នៅអាយុ៥ឆ្នាំ ដែលជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍពុទ្ធិបញ្ញា និងការបណ្តុះបំណិនផ្សេងទៀត ដូចជាបំណិនសង្គម ភាពក្លាហាន ភាពអំណត់ បំណិនទំនាក់ទំនងជាដើម។ ការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញផងដែរថា៖ ជំនាញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំដំបូងដល់កុមារនៅវ័យជាទារក និងវ័យចូលមត្តេយ្យសិក្សា គឺជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យក្នុងការសិក្សានៅសាលារៀន និងការសិក្សានៅកម្រិតបន្តបន្ទាប់។
លោកស្រីក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ លោកស្រីនាយិកាអង្គការពិភពកុមារ និងអភិវឌ្ឍ តំណាងធនាគារពិភពលោក តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តមអភិបាលរងនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែងដឹកនាំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបែបពហុវិស័យ ក្នុងការសម្របសម្រួលរៀបចំទារកដ្ឋានប្រចាំសហគមន៍នេះ ដែលជាមណ្ឌលមើលថែទាំកុមារតូចប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេនៅកម្ពុជា៕