(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតមួយ ដែលបង្កឡើងដោយសារតែរថយន្តទូរីស១២កៅអីមួយគ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ទៀត ក្នុងល្បឿនលឿនជ្រុលបុកពីក្រោយម៉ូតូរ៉ឺម៉ក់កង់៣ មួយគ្រឿង ជិះគ្នា១២នាក់ ពេញទំហឹងបណ្តាលឲ្យនារីម្នាក់ បាក់.កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង១៣នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ធ្ងរស្រាល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ រ៉ឺម៉ក់កង់បីមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយមនុស្ស១២នាក់ ក្នុងនោះមានស្រី១០នាក់ ប្រុស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តទូរីស១២កៅអីមួយគ្រឿង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2A-3723 ជិះធ្វើដំណើរដោយបុរស២នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅស្របគ្នាជាមួយ រ៉ឺម៉កកង់បី ដោយក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតបុកផ្ទប់ ពីក្រោយម៉ូតូរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យទាំងម៉ូតូរ៉ឺម៉ក និងមនុស្សត្រូវផ្លោងអូសជាង១០០ម៉ែត្រ ស្លាប់នារីម្នាក់នៅហ្នឹងកន្លែងភ្លាមៗ និង១១នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ធ្ងរទាំងអស់ ត្រូវបានរថយន្តសាមុយមកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកតៃកុងរថយន្តបង្កទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែង អូសយកទាំងរថយន្តបង្ក និងរ៉ឺម៉កកង់បីជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះតៃកុងរថយន្តបង្កទាំង២នាក់ ក៏ត្រូវឃាត់ខ្លួនយកទៅជាមួយផងដែរ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបងប្អូនក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕