(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមទាំងផែនការត្រៀមអនុវត្តបន្ត។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមកក្នុងវិស័យសាធារណការ និងដឹកជញ្ជូន» ដែលបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះថា សម្រាប់ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេសមានដូចជា៖
* ផ្លូវជាតិកម្រិត១ ចំនួន០៩ខ្សែ ប្រវែង២ ២៥៤ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ២ ២៥៤គ.ម ស្មើ ១០០% ) ផ្លូវជាតិកម្រិត២ ចំនួន ៧១ខ្សែ ប្រវែង ៥ ១៧៨ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ៣ ៧៦៤ គ.ម ស្មើ ៧៣%) ផ្លូវខេត្តចំនួន ៦៦៧ខ្សែ ប្រវែង ១១ ៣៧១ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ៤ ២៦៤គ.ម ស្មើ ៣៧%)
* ផ្លូវជាតិ និងផ្លូវខេត្ត គិតមកដល់បច្ចុប្បន្ន មានចំនួន ៧៤៧ខ្សែ ដែលមានប្រវែងសរុប ១៨ ៨០៣គ.ម ក្នុងនោះ បានក្រាលកៅស៊ូ និងបេតុងសរុប ១០ ២៨២គ.ម ស្មើនឹង ៥៥% នៃប្រវែងផ្លូវសរុប
* បានបញ្ចប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប, ស្ថាបនាផ្លូវចំនួន ១១ខ្សែ និងផ្លូវជាតិ ១៤៦បេ និងការងារស្តារអូរប្រឡាយធម្មជាតិចំនួន ៦ខ្សែ ក្នុងក្រុងព្រះសីហនុ, គម្រោង
កែលម្អបណ្តាញផ្លូវថ្នល់ លើកំណាត់ផ្លូវជាតិលេខ១, គម្រោងផ្លូវជាតិលេខ៣ (ចោមចៅ-ក្រុងកំពត), គម្រោងផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ), គម្រោងផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-ឃុំរមាត), កំណាត់ផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ-ក្រចេះ), គម្រោងផ្លូវជាតិលេខ១១ (ព្រៃវែង-ត្បូងឃ្មុំ), គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រៃធំ), គម្រោងសាងសង់ផ្លូវជាតិ
លេខ៥១ និងគម្រោងផ្លូវក្រវាត់ក្រុងទី២
* បានបញ្ចប់ការស្ថាបនា ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ), ស្ពានស្ទឹងបត់, ស្ពានកោះប៉ែន, ស្ពានអាកាសសែនសុខ និងស្ពានចំនួន ០៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ
* បាន និងកំពុងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់(សិត្ស), ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន ៨៨%, ផ្លូវជាតិលេខ៤ (កំណាត់សាលាក្ដីខ្មែរក្រហម ទៅដល់ក្រុងព្រះសីហនុ ប្រវែង ១៩៦,២០គ.ម) ក្នុងនោះកំណាត់ (គ.ម០១៩+៧០០-គ.ម០៦០+០០០) ប្រវែង ៤០,៣គ.ម សម្រេចបាន ៦%, កំណាត់ (គ.ម០៦០+០០០-គ.ម១០១+០០០) ប្រវែង ៤១គ.ម សម្រេចបាន ១៨%, កំណាត់(គ.ម ១០១+០០០-គ.ម១៤៣+០០០) ប្រវែង ៤២គ.ម សម្រេចបាន ១៣%, ផ្លូវជាតិលេខ៤៨ សម្រេចបាន ១០%, កំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) សម្រេចបាន ៩១%, កំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង) សម្រេចបាន ៩០%, ផ្លូវជាតិលេខ៧១C (ត្បូងឃ្មុំ-កំពង់ចាម) សម្រេចបាន ៤២%, ផ្លូវជាតិលេខ១០ (សំឡូត-វាលវែង-កោះកុង) សម្រេចបាន ៦៦% និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៥៤%
* បានត្រួតពិនិត្យបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុប ១៨៧,០៥គ.ម សម្រេចបាន ៩៩% និងបានបើកឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដែលមានយានយន្តឆ្លងកាត់ចំនួន២០ ម៉ឺនគ្រឿង គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០ នាទីយប់
* គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ស្ថិតក្រោមលក្ខខណ្ឌកិច្ចសន្យា សាងសង់-អាជីវកម្ម-ផ្ទេរ (BOT) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement)ជាមួយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នក់ចិន (CRBC) និងបានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងសម្បទាន (Concessional Agreement )កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីនេះៗ
* បានបញ្ចប់គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១ ប្រមាណ៣គីឡូម៉ែត្រ ស្ថិតនៅក្រុងតាខ្មៅ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ ១១ ម៉ែត្រ ជម្រាលទទឹងផ្លូវ៣ ភាគរយ កម្រាស់ Stabilize ២០០ មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ AC កម្រាស់ ១៥ សង់ទីម៉ែតដោយប្រើប្រាស់គ្រឿងចក្រ Stabilizer
* បានបញ្ចប់ការដំឡើងគ្រឿងចក្រផលិតបេតុងកៅស៊ូ (AC Mixing Plant) នៅខេត្តកំពតដោយប្រគល់ ជូននាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស។
លោកទេសរដ្ឋ ស៊ុន ចាន់ថុល បានបន្ថែមថា សម្រាប់ការងារត្រៀមអនុវត្តបន្ត សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរួមមាន៖
* ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវជាតិលេខ១៤៦បេ ក្នុងក្រុងព្រះសីហនុ
* ត្រៀមបើកការដ្ឋានគម្រោងស្ដា និងពង្រឹងគុណភាពផ្លូវជាតិលេខ៣១, លេខ៣៣, លេខ៤១, លេខ៧(ស្ពន់-កំពង់ចាម) ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC) និង គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម រាជធានីភ្នំពេញ)
* ពង្រឹងមុខងារ វិសាលភាព និងគុណភាពនៃការងារមន្ទីរពិសោធន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងអស់
* បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងជ្រើសរើសជំនាញការ ឬទីប្រឹក្សាបច្ចេកទេសប្រចាំក្រសួង ដើម្បីពង្រឹងគុណភាពនៃការត្រួតពិនិត្យបច្ចេកទេសសាងសង់
* រៀបចំបញ្ចប់អនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងដីចំណីផ្លូវរថភ្លើង
* រៀបចំកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិ មធ្យោបាយ វឌ្ឍនភាព និងការវាយតម្លៃ លើការអនុវត្តគម្រោង ចាប់តាំងពីពេលបើកការដ្ឋានសាងសង់រហូតដល់បញ្ចប់គម្រោងសាងសង់
* ពង្រឹងការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍ពិសោធន៍បច្ចេកទេសទំនើបៗដែលមានស្រាប់ រួមមាន៖ LWD, FWD, PLT និង Nuclear Density Testing ។ល។ ដើម្បីពង្រឹងគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៕