(ត្បូងឃ្មុំ)៖ ក្រុមអ្នករកសុីដឹកទំនិញ ឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ បានទូរស័ព្ឌទាំងយប់មករាយការណ៏ ប្រាប់នាយខ្វែក សូមអោយផ្សាយប្រកាសជាសាធារណៈ ជំរាបជូនទៅលោកស្នងការ និងលោកអភិបាលខេត្តត្បូងឃ្មុំផង ថាតើកំលាំងនគរបាលខេត្តនេះ ឃាត់រថយន្តដឹកទំនិញ របស់ពួកគាត់ទុកចោលតាំងពីថ្ងៃ រហូតដល់ពេលនេះ មានបញ្ហាអ្វីបានជាមិនព្រមចេញមុខដោះស្រាយ ហើយសួរពីម្នាក់រុញ ទៅម្នាក់យ៉ាងដូច្នេះ។
អ្នករកសុីបានអះអាងថារថយន្ត របស់ពួកខ្លួនដឹកទំនិញនាំចូលពីប្រទេសវៀតណាម បង់ពន្ធត្រឹមត្រូវ ដូចសព្វមួយដង មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ។ ប៉ុន្តែស្រាប់តែនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ ពេលរថយន្តពួកគាត់បើកមកជិតដល់ មុខសាលាខេត្តត្បូងឃ្មុំ ក្នុងទីរួមស្រុកពញាក្រែក ស្រាប់តែមាននគរបាលចរាចរ និងនគរបាលសេដ្ឋកិច្ចខេត្តឃាត់ទុក ដោយមិនប្រាប់ពីមូលហេតុនោះឡើយ។
ពេលអ្នកបើកបរ និងម្ចាស់ទំនិញសួររកពីមូលហេតុពួកគេ មិនបានប្រាប់នោះឡើយ ហើយប្រាប់អោយទាក់ទង ទៅមេរបស់គេទៅដឹងហើយ តែលេខទូរស័ព្ឌដែលពួកគេប្រាប់ថា ជាលេខរបស់មេនោះ គឺតេមិនចូលឡើយ តាំងពីថ្ងៃរហូតដល់យប់ថ្មើនេះ។
ម្ចាស់ទំនិញបានអះអាងបន្តថា ការឃាត់រថយន្តរបស់ពួកគាត់នេះ មន្ត្រីនគរបាលទាំងអស់នោះ គួរតែប្រាប់ពីមូលហេតុ ថាតើឆែកត្រួតពិនិត្យសំបុត្រពន្ធទំនិញ នាំចូល ឃាត់រឿងដឹកលើសទំងន់ ឬឃាត់ត្រួតពិនិត្យបញ្ចេកទេស សូមប្រាប់អោយច្បាស់ តែនេះគេឃាត់ទុកចោល ហើយរញអោយទាក់ទង ទៅមេរបស់ពួកគេ តែលេខទូរស័ព្ឌ ដែលពួកគេប្រាប់អោយតេទៅនោះ គឺតេមិនចូលឡើយ។
ក្រុមម្ចាស់ទំនិញបានសំណូមពរ សូមអោយលោកស្នងការ ម៉ៅ ពៅ ជាពិសេសលោកអភិបាលខេត្តប្រាជ្ញច័ន្ទ ជួយពិនិត្យមើលករណីនេះផង តើមន្ត្រីនគរបាលថ្នាក់ក្រោម ឃាត់រថយន្តដឹកទំនិញស្របច្បាប់ របស់ពួកគាត់នេះ មានគោលបំណងអ្វី? ឬឃាត់ដើម្បីគោះលុយតាមរបៀប កុងត្រូលជជុះ!៕