(កោះកុង)៖ ផូស៊ីលឆ្អឹងដែលត្រូវរកឃើញ នៅតំបន់ការពារធម្មជាតិនៅកម្ពុជា កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាផូស៉ីលឆ្អឹងដាយណូស័រ ខណៈក្រុមជំនាញមកពីបរទេស និងកម្ពុជានឹងចុះទៅពិនិត្យ និងសិក្សានៅអំលុងខែវិច្ឆិកា ខាងមុខនេះ ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត។ នេះបើយោងតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «ផូស៊ីលឆ្អឹងដាយណូស័រ គឺត្រូវបានរកឃើញតាំងពីចុងឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែ យើងមិនទាន់បានធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយសារចាំបាច់ត្រូវធ្វើការវាយតម្លៃ និងបញ្ជាក់ឱ្យបានច្បាស់ ប៉ុន្តែ បន្ទាប់ពីអ្នកជំនាញធ្វើការសិក្សាទៅ គឺបញ្ជាក់ថា ផូស៊ីលដែលយើងសង្ស័យជាផូស៊ីលឆ្អឹងដាយណូស័រ គឺពិតជាដៃផូស៊ីលឆ្អឹងដាយណូស័រមែន»។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់រកឃើញផូស៊ីលឆ្អឹងដាយណូស័រនេះ វានឹងផ្តល់នូវព័ត៌មាន ជាច្រើនជាពិសេសទាក់ទងនឹងប្រវត្តិនៃការកកើតទឹកដី ប្រភពនៃតំបន់ដែលពាក់ព័ន្ធនឹងប្រវត្តិសត្វដាយណូស័រ ដែលបានផុតពុជរាប់លានឆ្នាំ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «ក្រុមអ្នកជំនាញបរទេស និងក្រុមអ្នកជំនាញក្រសួងបរិស្ថានខាងផ្នែកផូស៉ីលនឹងចុះទៅពិនិត្យ និងសិក្សាបន្ថែមទៀត នៅកន្លែងជុំវិញហ្នឹង គឺនៅអំលុងខែវិច្ឆិកា ខាងមុខនេះ ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត»។
បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បានឱ្យដឹងថា ក្រុមការងារនៃការរកឃើញផូស៊ីលនេះ គឺបានប្រើពេលរយៈពេលជិតមួយឆ្នាំកន្លងមកហើយ ដោយជាការសន្និដ្ឋានរបស់អ្នកជំនាញថា ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ។ ចំពោះផូស៊ីលសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ គឺស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
លោក ហ៊ុន ម៉ារ៉ាឌី បាននិយាយថា៖ «ក្រោយពីរកឃើញ យើងមិនទាន់សម្រេចយកទៅណាទេ ដោយសារនេះជាការស្រាវជ្រាវ និងជាការសម្រេចចិត្តរបស់ក្រសួងបរិស្ថានទេ ហើយខាងក្រសួងបរិស្ថាននឹងចុះមកសិក្សាលំអិតសិន ថាតើអ្វីដែលរកឃើញនេះ វាជាប្រភេទអ្វីប្រាកដ?។
លោកបន្តថា «ប៉ុន្តែតាមការសន្និដ្ឋានរបស់អ្នកជំនាញ ជាបឋម គាត់បានបញ្ជាក់ថា ផូស៊ីល ដោយសង្ស័យថា ជាឆ្អឹងដាយណូស័រ ហើយលទ្ធផលជាប្រភេទអ្វី លុះត្រាតែត្រូវសិក្សាជាក់ស្ដែង»។
ក្រៅពីនេះទៀត ផូស៊ីលដែលរកឃើញនេះ លោក ម៉ារ៉ាឌី ថា មិនទាន់អាចបញ្ជាក់ថាឆ្អឹងនះមានទំហំប៉ុណ្ណានោះទេ ក៏ប៉ុន្តែទំហំនៃឆ្អឹងនេះមានទំហំរាងធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរីដែរ។
លោកបានបន្ថែមថា៖ «ខ្ញុំអត់ទាន់ច្បាស់ថា គេត្រូវចុះមកសិក្សាបន្តនៅពេលណាទេ ហើយយើងក៏មិនទាន់មានគោលការណ៍អីពីខាងក្រសួងថានឹងបន្តរក្សាឆ្អឹងនេះនៅទីតាំងដើម ឬក៏យកមករក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ?»។
សូមបញ្ជាក់ថា យោងតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺលោក សាយ សំអាល់ បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គមហ្វេសបុក ដោយបញ្ជាក់ថា ផូស៊ីលដែលរកឃើញនេះ វាជាឆ្អឹងដាយណូស័រដំបូង ដែលបានរកឃើញនៅស្រុកខ្មែរ៕