(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតចាប់ពីថ្ងៃបើកដំណើរការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន រហូតមកដល់ពេលនេះ ការលក់ផ្លាកលេខពិសេសបានចំនួនជិត ១៤០០០ផ្លាកលេខ និងបានរកចំណូលថវិកាជូនជាតិបាន ១០០ប៊ីលានរៀល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗ ជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយថាមពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ការដឹកជញ្ជូនតាមផ្លូវគោកនាពេលបច្ចុប្បន្ននេះ បានប្រើប្រាស់តាមប្រព័ន្ធអនឡាញទាំងអស់ ដោយសារតែសម្តេចតេជោ ហ៊ុន សែន បានផ្តល់បទបញ្ជារថា «យើងជាមន្ត្រីបំរើរាស្ត្រ ដូចនេះត្រូវតែរកនិតិវិធីគ្រប់បែបយ៉ាង ដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ជូនដល់ប្រជាពលរដ្ឋ ដោយត្រូវធ្វើឱ្យបានលឿន ធ្វើឱ្យប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព» ដូចនេះហើយក្រសួងសាធារណការ ក៏បានរៀបចំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដោយអ្វីៗធ្វើតាមអនឡាញទាំងអស់ រួមមាន ការចុះបញ្ជីយានយន្តតាមអនឡាញ ការ​ស្នើសុំឆៀកឡានតាមប្រព័ន្ធអនឡាញ ការស្នើប្រឡងយកប័ណ្ណបើកបរតាមប្រព័ន្ធអនឡាញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា «ក្រសួងសាធារណការ ក៏បានរៀបចំឱ្យប្រជាពលរដ្ឋជ្រើសរើសផ្លាកលេខពិសេសផ្ទាល់ខ្លួន ចង់ដាក់អីក៏ដាក់ទៅឱ្យដាក់ចំនួន៨ខ្ទង់ ដោយបង់តម្លៃទៅតាមប្រព័ន្ធនោះទៅ ហើយប្រព័ន្ធនៅក្នុងប្រព័ន្ធនោះគ្រាន់តែរូបមន្ត មានរាប់ពាន់រូបមន្ត ដើម្បីគណនាតម្លៃនៃផ្លាកលេខពិសេសនេះ»

ពាក់ព័ន្ធនឹងការដាក់ឱ្យប្រជាពលរដ្ឋ ជ្រើសរើសផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «តាំងពីយើងបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ យើងលក់បានជិត ១ ៤០០០ផ្លាកលេខ ចូលថវិកាជាតិបាន ១០០ប៊ីលានរៀល មកជូនជាតិយើង ដោយសារប្រើប្រាស់ប្រព័ន្ធ IT»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដើម្បីសេវាឱ្យកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្រសួងសាធារណការ ក៏បានបង្កើតមជ្ឈមណ្ឌលប្តូរប័ណ្ណបើកបរ ពន្យារប័ណ្ណបើកបរជាច្រើនកន្លែងមានដូចជា៖ មណ្ឌលផ្តល់សេវានៅផ្សារទំនើបអ៉ីអន១ មណ្ឌលផ្តល់សេវានៅផ្សារទំនើបអ៊ីអន២ មណ្ឌលផ្តល់សេវានៅផ្សារទំនើប ជីពម៉ុង ណូរ៉ូម៉ល មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេកវ៉ក មណ្ឌលផ្តល់សេវានៅផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល និងមណ្ឌលផ្តល់សេវា នៅទីស្តីការក្រសួងសាធារណការ ដើម្បីផ្តល់សេវាឱ្យកាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាច នឹងមានតម្លៃច្រើនជាងនេះ។ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អាចជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បាន លើកតែពាក្យមិនសមរម្យ ឈ្មោះថ្នាក់ដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រ។ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះអ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញ នៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ៕