(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងទៀតថា សមាសភាពក្រុមការងារជំរុញផលិតកម្មពូជស្រូវនេះ មានចំនួន១៤រូប ដែលមានលោក ចាន់ ជេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានផងដែរ។

ក្រុមការងារ មានភារកិច្ចដូចខាងក្រោម៖

* ជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើដំណើរការផលិតកម្មដំណាំស្រូវ ក្នុងការរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីរួមចំណែកក្នុងយុទ្ធសាស្ត្រកាត់បន្ថយ ការចំណាយថ្លៃដើមផលិតក្នុងផលិតកម្មដំណាំស្រូវ
* ចាត់ចែងអនុវត្តផលិតកម្មគ្រាប់ពូជស្រូវតាំងពីដំណាក់កាលផលិតពូជគ្រឹះ ពូជចុះបញ្ជី ពូជវិញ្ញាបនបត្ររហូតដល់ស្រូវចំណី
* សម្របសម្រួលការងារជាមួយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនផ្សេងៗ ដែលកំពុងប្រកបរបរផលិតកម្ម និងអាជីវកម្មស្រូវ អង្ករ
* សិក្សា និងធ្វើសារពើភ័ណ្ឌលើទ្រព្យសម្បត្តិនៃគម្រោង Agricultural Quality Improvement Project (AQIP)
* សិក្សា និងវាយតម្លៃបរិមាណស្រូវពូជ ដែលត្រូវផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ
* អនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ជូន៕