(ស្ទឹងត្រែង)៖ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ រួមមានលោកបណ្ឌិត កែន សម្បត្តិ សមាជិកឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក ជ័យ រិទ្ធី ទីប្រឹក្សាឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក ងី ឡាយមិថុនា ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកស្រី ឆាន់ វីរិយ៉ា ជំនួយការ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងសហការី ទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ដែលមានទីតាំងនៅខេត្តស្ទឹងត្រែង គឺជាស្ថានីយ៍វារីអគ្គិសនីធំជាងគេបំផុត នៅប្រទេសកម្ពុជា និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Li Mengsen នាយកប្រតិបត្តិរង នៃក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានសម្តែងកិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះគណៈប្រតិភូ និងបានរាយការណ៍ អំពីវឌ្ឍនភាពការងាររបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២។ ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការផលិតប្រកបដោយសុវត្ថិភាព ខិតខំប្រឹងប្រែងដើម្បីធានា ឲ្យការផលិតថាមពលមានស្ថិរភាព ផ្ដល់នូវថាមពលគួរឲ្យទុកចិត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានចាប់ផ្ដើមដំណើរការផលិតអគ្គិសនីទាំង៨ទូប៊ីន ឆ្នាំ២០១៨ ហើយមានសមត្ថភាពផលិតថាមពលអគ្គីសនី ៤០០មេហ្កាវ៉ាត់ ពោលគឺធំជាងគេនៅប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានផ្ដល់ថាមពលប្រមាណ ១ ៩០០ លានគីឡូវ៉ាត់ម៉ោង ស្មើនឹង ១៥% នៃថាមពលប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះ ស្ថានីយ៍នេះ បានផលិតថាមពលប្រមាណ ១ ៧០០ លានគីឡូវ៉ាត់រួចហើយ។
លទ្ធផលនេះ បានជួយសម្រួលយ៉ាងខ្លាំងនូវស្ថានភាពដែលពឹងផ្អែកលើការនាំចូលអគ្គិសនីពីក្រៅប្រទេស និងសម្រួលនូវបញ្ហាផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់របស់ប្រទេសកម្ពុជា និងបានធានាស្ថិរភាពថ្លៃអគ្គិសនី ព្រមទាំងគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ លោក Li Mengsen បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលល្អជាង បណ្តាលឆ្នាំមុនៗ ដោយសារបរិមាណទឹកទន្លេ មានច្រើនបរិបូរ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកបម្រើការងារប្រមាណ ៣០០ នាក់ ក្នុងនោះខ្មែរជាង២០០នាក់ ដែលមាន២០នាក់ ជាបុគ្គលិកលំដាប់បច្ចេកទេសជាវិស្វករ។
លោក Li Mengsen ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសាវតារនៃការសាងសង់ស្ថានីយ៍វារីអគ្គិសនីនេះ លទ្ធផលនៃអាជីវកម្ម ការយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន វប្បធម៌របស់សហគ្រាស ការផ្តល់ការយកចិត្តទុកដាក់លើបរិស្ថាន ការគិតគូរអំពីប្រព័ន្ធធរាសាស្ត្រ ផ្លូវធម្មជាតិរបស់មច្ឆា ការចូលរួមព្រលែងកូនត្រី (ជាង ១៨ម៉ឺនក្បាល) ជាដើម។ ផ្ទៃទឹកខាងលើនៃស្ថានីយ៍នេះមានទំហំធំធេងស្មើនឹងទំហំ ១/៤ នៃផ្ទៃបឹងទន្លេសាប ធ្វើឲ្យទឹកខិតជិតដល់ការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅភូមិថ្មី ដែលបានទទួលយកការដោះស្រាយផលប៉ះពាល់ពីគម្រោងនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកនាយកប្រតិបត្តិរង ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលតែងតែងយកចិត្តទុកដាក់ និងគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង ដែលបានចាត់លោក Li Mengsen នាយកប្រតិបត្តិរង នៃក្រុមហ៊ុនវារីអគ្គិសនី សេសានក្រោម២ និងសហការី ចំណាយពេលដ៏ថ្លៃថ្លា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គណៈប្រតិភូ។ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបញ្ជាក់ថា គោលបំណងនៃការបំពេញទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីលទ្ធផល នៃគម្រោងវ៉ារីអគ្គិសនីសេសានក្រោម២ ហើយពេលនេះ គឺបានទទួលការបានឆ្លើយតបមកគណៈប្រតិភូរួចហើយ។
តាមនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលលើកទឹកចិត្ត និងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល ជាអ្នករៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទាំងផ្នែករឹង ទាំងផ្នែកទន់ និងបង្កបរិយាកាសល្អ ដើម្បីជាកិច្ចសម្រួលដល់ការធ្វើធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្មរបស់វិស័យឯកជន។
ក្នុងឱកាសនោះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានលើកឡើងនូវលទ្ធផលជាក់ស្តែងចំនួន៣គឺ៖
១៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២នេះ មានការអភិវឌ្ឍ ដោយរដ្ឋសម្របសម្រួលឲ្យឯកជនជាប្រតិបត្តិករ ទោះបីជាឆ្លងកាត់ការលំបាកខ្លះ ប៉ុន្តែស្មារតីប្តូរផ្តាច់ បានធ្វើឲ្យស្ថានីយ៍វារីអគ្គិសនីនេះ ចេញរូបរាងឡើង ហើយកូនសមុទ្រមួយនៅកណ្តាលដី ក៏បានបង្ហាញខ្លួន។
២៖ ជាមួយនេះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានលើកឡើងអំពីការវាស់ស្ទង់លេខ ដែលសម្រេចបានតាមការគិតគូររបស់រាជរដ្ឋាភិបាល ដោយសម្រេចបង្វែរផ្លូវជាតិលេខ ៧៨ ដែលត្រូវឆ្លងទន្លេស្រែពកខាងលើ ហើយឈរក្រោមស្ពានមួយ ស្ពានដែក យើងឃើញទឹកឡើងដល់ចុងឫស្សី។ បច្ចុប្បន្ន យើងឃើញជាក់ស្តែងហើយ ការណ៍ដែលយើងបង្វែរផ្លូវជាតិលេខ ៧៨ ទៅស្តាំគឺដើម្បីកុំឱ្យទឹកនៃអាងទឹកហៀរដល់ ពោលគឺចេញពីតំបន់ដែលត្រូវលិចលង់ដោយសារតែគម្រោងវារីអគ្គិសនី។ ហេតុនេះ ដូចយើងធ្វើលេខមែន គឺយើងបានធ្វើផ្លូវវាង និងបានជម្លៀសប្រជាជន។ ជាមួយនេះ សូមថ្លែងអំណរគុណដល់ប្រជាជន ដែលទទួលយកគោលនយោបាយ ហើយយើងខ្ញុំក៏សប្បាយចិត្ត ដែលយើងសម្រេចបានតាមចំណង់ចិត្តរបស់ប្រជាជន។
៣៖ ស្ថានីយ៍វារីអគ្គិសនី និងតំបន់ជុំវិញមានការអភិវឌ្ឍ និងអនុគ្រោះដល់ប្រជាជន ដែលរដ្ឋបានគិតគូរ ជាពិសេសសូមអ្នក CSR រៀនសូត្រអំពីកន្លែងនេះផង។ ការណ៍ដែលកិច្ចដំណើរការអភិវឌ្ឍគម្រោង វ៉ារីអគ្គិសនីសម្រេចបានលទ្ធផលជោគជ័យនេះ ញុំាងឱ្យរាជរដ្ឋាភិបាលមានទឹកមាត់ប្រៃ អំពីការបន្តអភិវឌ្ឍទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Li Mengsen នាយកប្រតិបត្តិរង ក៏បានអញ្ជើញគណៈប្រតិភូពិនិត្យស្ថានីយ៍ខាងក្នុង ពិនិត្យផ្ទៃទឹកខាងក្រោម និងផ្ទៃទឹកខាងលើនៃស្ថានីយ៍ ដែលមានមច្ឆាធំៗ ព្រមទាំងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលតែងយកចិត្តទុកដាក់ និងគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា៕