(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមបន្តចូលរួមគោរពច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មាន ឲ្យកាន់តែរីកចម្រើន។
លើសពីនោះទៀត រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក៏បានប្រាប់ដល់អ្នកសារព័ត៌មាន ត្រូវរាយការណ៍នូវព័ត៌មានពិតត្រឹមត្រូវ និងមិនត្រូវធ្វើជាភ្នាក់ងារផលិត និងផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយដែលអាចបង្ករការបែកបាក់ ការស្អប់ខ្ពើម គុំគួន រើសអើង បង្ករជំលោះ និងអរិភាពផ្សេងៗ ក្នុងសង្គម។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ខៀវ កាញារីទ្ធ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ អង្គការយូណេស្កូ បានធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា សន្និសីទនេះ បានផ្ដល់នូវឱកាសដ៏វិសេសវិសាល សម្រាប់អង្គភាពសារព័ត៌មាន អ្នកជំនាញ សារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវអំពីវិស័យព័ត៌មាន ជួបពិភាក្សាគ្នា ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីបានជាធាតុចូលសម្រាប់អភវិឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
លោកថា វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មានការរីកចម្រើនឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការវិវត្តយ៉ាងឆាប់រហ័សរបស់ប្រព័ន្ធបច្ចេកវិទ្យា សព្វថ្ងៃនេះ យើងមិនត្រឹមតែ បានស្ដាប់សម្លេងវិទ្យុប៉ុណ្ណោះទេ ប៉ុន្តែអាចមើលឃើញពិធីករ និងពិធីការិនីវិទ្យុ។
លើសពីនោះទៀត យើងមើលព័ត៌មានតាម App ឬគេហទំព័រ ទស្សនាព័ត៌មានតាមបណ្ដាយសង្គមមាន Facebook, Youtube, Tiktok និងអាចស្តាប់ការផ្សាយតាម Podcast ជាដើម។ រីឯប្រព័ន្ធផ្សព្វផ្សាយ ទាំងរដ្ឋ និងឯកជន បានបំពាក់នូវបច្ចេកវិទ្យាទំនើប ដើម្បីធានាថា វិសាលភាពនៃការផ្សាយបានគ្របដណ្តប់ទូទាំង ប្រទេសលឿនរហ័ស និងគុណភាពខ្ពស់។ នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ។
លោកថា ទន្ទឹមនឹងការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា យើងក៏កំពុងប្រឈមនូវបញ្ហា នៃការកើនឡើងនូវព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយដែលជាទូទៅកើតឡើងច្រើនពេល មានព្រឹត្តិការណ៍ម្តងៗ ដូចជាជំងឺឆ្លង ការបោះឆ្នោត និងព្រឹត្តិការណ៍សំខាន់ៗដទៃទៀត។ ចំនួនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយបែបថ្មី (New Media) និងចំនួន អ្នកសារព័ត៌មានមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឲ្យ ប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបន្ដថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការរក្សា និងការរក្សានូវបរិយាកាសល្អក្នុងការប្រកបវិជ្ជាជី វៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាង សារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអ្នក សារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមគ្រប់ជ្រុងជ្រោយ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរឡើង នូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍ សង្គមប្រកបដោយចីរភាព។ នេះការបញ្ជាក់បន្ថែម របស់រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ។
លោក SardarUmarAalm តំណាងអង្គការ UNESCOប្រចាំកម្ពុជា បានជម្រាបជូនគោលបំណង នៃសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ គឺដើម្បីកំណត់របៀបវារៈសម្រាប់ដំណោះស្រាយតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាប្រឈមទូទៅ ដែលកំពុងប្រឈមមុខនឹងវិស័យអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការយ៉ាងរឹងមាំ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៃប្រព័ន្ធផ្សព្វផ្សាយ រួមទាំងទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះគឺជាតម្រូវការជាមុនសម្រាប់ស្ថាប័នរឹងមាំ និងតម្លាភាព និងជាកត្តាសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ និងធានាថាប្រជាពលរដ្ឋអាចចូលរួម និងចូលរួមយ៉ាងពេញលេញនៅក្នុងសង្គមរបស់គេ។
លោកថា ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងសក្ដានុពលសកលដែលកំពុងរីកចម្រើន ដែលត្រូវបានកំណត់ដោយ ឌីជីថល ភាវូបនីយកម្មយ៉ាងឆាប់រហ័ស ការកើនឡើងនៃការគ្រប់គ្រងលើលំហូរព័ត៌មាន និងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបន្ទាត់រាងប៉ូលនយោបាយ យើងទាំងអស់គ្នាប្រឈមមុខនឹងហានិភ័យខ្ពស់ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងច្នៃប្រឌិតរួមគ្នា មិនត្រូវបានប្រមូល ប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងជំរុញឲ្យមានភាពធន់។ វិស័យអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ដែលដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់សង្គមប្រជាធិបតេយ្យ។
លោកបន្ដថា ការអភិវឌ្ឍន៍ មាននិន្នាការគួរឲ្យព្រួយបារម្ភ នៃការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន និងការជឿទុកចិត្តរបស់សាធារណៈជនលើប្រព័ន្ធផ្សព្វផ្សាយ និងប្រភពព័ត៌មានជុំវិញពិភពលោក។
លោកស្រី Susanna Elmberger ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ នៃស្ថាតទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះ គឺជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត។ ការផ្សព្វផ្សាយព័ត៌មានប្រឌិតកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក វាក៏ប៉ះពាល់ដល់ការជឿទុកចិត្តដែលមនុស្សមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លោកបន្ដថា នៅក្នុងផ្នែកខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការបំពាក់មនុស្សដែលមានជំនាញចាំបាច់ដើម្បីចូលរួមរិះគន់ជាមួយព័ត៌មាន និងខ្លឹមសារពហុព័ត៌មាន និងដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាជននៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រពៃណី។ ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយអាចបំពេញតួនាទីរបស់ខ្លួនជាអំណាចទី៤ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ នូវស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត ហើយអាជ្ញាធរ រួមទាំងកងកម្លាំងសន្តិសុខ មានកាតព្វកិច្ចធានាសុវត្ថិភាព និងការការពារអ្នកសារព័ត៌មាន។
គូសបញ្ជាក់ថា សន្និសីទថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយនេះ នឹងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុត ដែលប្រព័ន្ធផ្សព្វផ្សាយកម្ពុជា កំពុងប្រឈមក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩៕
http://image.freshnewsasia.com/2021/id-021/fn-2022-10-27-16-16-51-0.JPG