(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនឹងកម្លាំង១០នាក់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានចុះចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ដោយអនុវត្តតាមដីការបង្គ្រាបឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមដីការបង្គ្រាបឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តបន្ទាយមានជ័យ របស់លោកអាំង ចិន្តា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៦០៥ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ សាលក្រមព្រហ្មទណ្ឌលេខ ២៥ «ឃ»/២១៨ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ បទបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
១៖ បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ច ឲ្យស្វែងរកចាប់ខ្លួនជនឈ្មោះ ហ៊ឹម ដានី ភេទប្រុស កើតឆ្នាំ១៩៨៩ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ៣ សង្កាត់ព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទីលំនៅសព្វថ្ងៃនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅលីវ ឪពុកឈ្មោះ ហ៊ឹម សាមុត «រស់» ម្តាយឈ្មោះ ម៉ៅ សារ៉េត «រស់» ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការគ្មាន (ក្រៅឃុំ)។
ជននេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៤ (បួន) ឆ្នាំពីបទ លួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត៣៥៣ និងមាត្រា៣៥៧ ចំណុច២ នៃក្រមព្រហ្មទណ្ឌ ។
២៖ ពេលចាប់ខ្លួនជននេះ បានត្រូវនាំខ្លួនទៅបង្ហាញ ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ក្នុងរយៈពេលខ្លីបំផុត ដើម្បីឲ្យដំណឹងពីសាលក្រមដល់សាម៉ីខ្លួន និងធ្វើការឃុំខ្លួនជននេះ តាមនីតិវិធី៕