(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្មេងវត្តម្នាក់ ករណីលួចទូរស័ព្ទរបស់ព្រះសង្ឃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆូត ឆុង អាយុ២៨ឆ្នាំ ទីកន្លែងកំណើត នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងវត្ត ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តទៀតថា កាលពីវេលាម៉ោង០០៖៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីអំពើលួច (ទូរស័ព្ទ) នៅចំណុចក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យឈ្មោះ ឆូត ឆុង បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន៤គ្រឿង របស់ព្រះសង្ឃគង់នៅវត្តខាងលើ។
ក្រោយពីទទួលបានពាក្យបណ្ណឹងខាងលើរួចមក កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទចំនួន០៤គ្រឿង រួមមាន១៖ ទូរស័ព្ទម៉ាកOPPO ពណ៌ក្រហម ចំនួន០២គ្រឿង, ២៖ ទូរស័ព្ទម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង, ៣៖ ទូរស័ព្ទម៉ាក VIVO ពណ៌ស ចំនួន០១គ្រឿង។ បន្ទាប់មកកម្លាំងអាវុធហត្ថក្រុង នាំជនសង្ស័យមកសួរនាំនៅមូលដ្ឋានអាវុធហត្ថក្រុង ហើយអនុវត្តតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ព្រះសង្ឃពិតប្រាកដមែន។ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២អនុវត្តតាមនីតិវិធីច្បាប់។ ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនព្រះសង្ឃវិញហើយ៕