(ក្រចេះ)៖ ក្រសួងបរិស្ថាន សហការការជាមួយរដ្ឋបាលខេត្តក្រចេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ វិស័យបរិស្ថាន និងធនធានធម្មជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ដួង ពៅ អភិបាលរងខេត្តក្រចេះ ដោយបានគូសបញ្ជាក់ពីភូមិសាស្រ្តតំបន់ការពារធម្មជាតិ និងបរិស្ថានចំនួន ០៦កន្លែង ដែលមានផ្ទៃដីសរុបចំនួន ៤០៤,៨៩៤ហិកតា ដែលបាននឹងកំពុងការពារ និងអភិរក្ស។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថាដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកបញ្ជាក់ទៀតថា ស្របតាមគោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព នៅក្នុងកម្ពុជា និងបន្ថែមលើសិក្ខាសាលាកន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន សិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធាធម្មជាតិ» ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងទូលំទូលាយអំពីច្បាប់ ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាពដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងយល់ដឹងអំពីការបំលែងធនធានធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជន នៅក្នុងរូបភាពជាការសំអាតប្រាក់ និងទោសទណ្ឌដែលត្រូវទទួល។
លោករដ្ឋលេខាធិការ បានបន្តថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធ នឹងធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
លោក រ័ត្ន វីរៈ បានបញ្ជាក់ថា សិក្ខាសាលានេះសង្ឃឹមយ៉ាងមុតមាំថា គ្រប់មជ្ឈដ្ឋានទាំងអស់នឹងយកចិត្តទុកដាក់ និងត្រងត្រាប់ឱ្យបានស្ដាប់ការធ្វើបទបង្ហាញដោយយកចិត្តទុកដាក់ ដើម្បីជាំចំណេះដឹងបន្ថែម ក្នុងការត្រៀមលក្ខណៈ ដើម្បីបង្ការ និងបង្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពផ្លូវច្បាប់ពេញលេញ ដើម្បីដាក់ជូនអាជ្ញាធរតុលាការ៕