(កណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូកនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានកោតសរសើរ វាយតំលៃខ្ពស់ ចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួន ទទួលបានលទ្ធផលល្អប្រសើរ តាមផែនការដែលបានគ្រោងទុក។
លោកអភិបាលខេត្តបានរំលឹកដល់គ្រប់អនុគណៈកម្មការទាំងអស់ថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាត សោភ័ណភាពក្រុងមានដូចជា៖ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនាពិធីនេះ ជាពិសេសត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ។
បន្ថែមពីលើនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវចូលរួមក្នុងពិធីនេះទាំងអស់គ្នា ព្រោះពិធីប្រណាំងអុំទូកថ្នាក់ខេត្ត ត្រូវតែមានការចូលរួមពី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរួមគ្នាបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ កម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព។
សូមជម្រាបថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខ សុវត្តិភាព ចំនួន ៧៨៤នាក់។
គួរបញ្ជាក់ថា ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួម។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញ៉ាំងអោយ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្ដទៅដោយជោគជ័យ ពិសេសត្រូវចូលរួម ថែរក្សាអនាម័យបរិស្ថាន និងការពារជំងឺកូវីដ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយ ភាពសប្បាយរីករាយ៕