(សៀមរាប)៖ ឧទ្យាន​អង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ឹឃ្វារៀម (Angkor Wildlife and Aquarium) នឹងបើកដំណើរការអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ អង្គរវ៉ាយដ៏ឡាយហ្វ័ និង អ៊ឹឃ្វារៀម បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។ អាងពិព័រណ៍ត្រីនេះ មានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេសផងដែរ។

ក្នុងដំណាក់កាលទី១ ឧទ្យាន Angkor Wildlife and Aquarium ក៏មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ។ល។

ឧទ្យាន Angkor Wildlife and Aquarium ក៏ផ្តោតសំខាន់ទៅលើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ពួកគេនឹងទទួលបានផលិតផល ទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមកជាមួយនឹងអង្គរវ៉ាយដ៏ឡាយហ៍ និងអឺឃ្វារៀម។ ឧទ្យានAngkor Wildlife and Aquarium ក៏រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបង្កើនរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមកលេងខេត្តសៀមរាប ព្រមទាំងបង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប ជាសួនកម្សាន្តលំដាប់ងស្ដង់ដារ អន្តរជាតិ។

ឧទ្យាន Angkor Wildlife and Aquarium ក៏ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើបរិស្ថាន និងការអភិរក្សសត្វ ប្រភេទសត្វដែលកម្រនឹងជិតផុតពូជ។ លើសពីនេះទៀត ក៏ផ្តល់ឱកាសការងារដោយប្រយោល ដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរផាសអែប (PassApp) និងមគ្គុទេសទេសចរណ៍ តាក់ស៊ី ផ្តល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅ ឬស្សី ដូង និងចេក។ល។

ទន្ទឹមនឹងនេះដែរ អង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ីឃ្វារៀម គឹជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលទាំងអស់ គ្នាស្រមៃចង់ឃើញ។ សួនឧទ្យាននេះ ក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀត ដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាផងដែរ។

សូមបញ្ជាក់ថា ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាន ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្ដែតទឹក ហាងលក់ទំនិញ ភោជ្ជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

ជាមួយនេះដែរ បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ គម្រោងនឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់ទៀត លើផ្ទៃដីសរុប ១០០ហិចតា។ អង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ឺឃ្វារៀម ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន ឃុំខ្ទាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕