(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមនិងក្រុមការងារនៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅតំបន់ឃុំផ្លូវទូកខាងលើនេះ លោករដ្ឋមន្ត្រី ក៏បានសាកសួរព័ត៌មានពីប្រជាពលរដ្ឋ អំពីការផលិតដំណាំកសិកម្ម និងការនេសាទត្រី របស់ពលរដ្ឋរស់នៅតាមដងទន្លេ អំពីទិន្នផលដែលទទួលបានពីដំណាំកសិកម្ម និងពីផលនេសាទរបស់បងប្អូនប្រជាពិសាទរស់នៅទីនោះផងដែរ។

លោករដ្ឋមន្ត្រីក៏បានណែនាំដល់ពលរដ្ឋក្នុងឃុំផ្លូវទូក ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដោយលោកបានបញ្ជាក់ថា ឥឡូវនេះទឹក បានចាប់ផ្ដើមស្រកទៅវិញជាបណ្ដើមៗហើយ បន្ទាប់ពីទឹកស្រករាជ រដ្ឋាភិបាល ក៏មានគម្រោងផ្ដល់ដីកសិកម្មជូនបងប្អូនប្រជាពលរដ្ឋរស់នៅទីនេះបន្តបង្កបង្កើនផលចិញ្ចឹមជីវិតឡើងវិញផងដែរ។

នៅពេលដែលបងប្អូនទទួលបានដីកសិកម្ម ហើយបងប្អូនត្រូវការពូជស្រូវ ឬក៏ពូជដំណាំកសិកម្មផ្សេងៗ។សូមទាក់ទងមកខាងមន្ទីរកសិកម្មខេត្តរបស់យើងទាំងពូជទាំងបច្ចេកទេស ដើម្បីក្រុមការងារ នៃមន្ទីរកសិកម្មខេត្តផ្ដល់ជូនបងប្អូន៕