(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅបន្តក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អស់លោក លោកកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំនេះដែរលោក ញ៉ែម សំអឿន បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកង កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅតាមក្រុង/ស្រុក នានាក្នុងខេត្តរតនគិរី ពិសេសកិច្ចការចំពោះមុខលោកអភិបាលខេត្តជំរុញបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ។
លោក ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ អង្គភាពរួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានលេចជារូបរាង្គ ដែលជាការរួមចំណែកឲ្យខេត្តរតនគិរីមានភាពរីកចម្រើន៕