(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈជូនសិក្ខាកាមប្រមាណជាង២០០នាក់ ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នាឱកាសនោះ លោកបណ្ឌិតបានផ្ដាំផ្ញើទៅកាន់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សាថ្មីនោះនូវទិសស្លោកសំខាន់មួយថា «ចូលដើម្បីរៀន ចេញដើម្បីបម្រើ»។ ពាក្យស្លោកនេះ លោកចង់បានន័យថា ប្រសិនបើដាក់ខ្លួនចូលរៀនហើយ គឺត្រូវតែខិតខំសិក្សារៀនសូត្រ ឈ្វេងយល់ និងស្វែងយល់នូវចំណេះជំនាញដែលខ្លួនរៀននោះឱ្យបានជាក់ច្បាស់ប្រាកដ ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅពេលទៅប្រកបការងារ ឬមុខរបររបស់ខ្លួន។ នោះពេលរៀនចប់ ហើយចេញទៅប្រកបការងារ និងមុខរបរនានា គឺត្រូវតែមានភាពសុចរិត គោរពច្បាប់ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោក ឡី សុភាព បានលើកឡើងពីគោលនយោបាយជាតិស្ដីពីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ TVET និងគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិត។ លោកក៏បានលើកទឹកចិត្តដល់សិក្ខាកាមត្រូវខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន «មនុស្សម្នាក់ ជំនាញមួយ» ដើម្បីពង្រីកជីវភាពរស់នៅ និងជួយកសាងកម្លាំងអភិវឌ្ឍជាតិផងដែរ។
លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាចំណេះដឹងគ្រឹះមួយដែលមិនអាចខ្វះបាន។ វិញ្ញាបនបត្រវិជ្ជាជីវៈនាពេលនេះ មានតម្លៃអាចយកទៅបញ្ជាក់បាននៅគ្រប់កន្លែងទាំងអស់។ នេះជាចំណុចមួយដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្តនូវគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិត។
លោកបានអំពាវនាវដល់សិក្ខាកាមដែលថ្ងៃក្រោយអាចក្លាយជាធុរកិច្ចជន ពាណិជ្ជករ អាជីវករ គឺត្រូវប្រកាន់ខ្ជាប់នូវត្រឹមត្រូវច្បាស់លាស់ និងមានចំណេះជំនាញវិជ្ជាជីវៈ ជាពិសេសក្រមសីលធម៌ ដើម្បីមុខរបរ ការងារអាចរីកចម្រើនទៅបាន។
លោក ឡី សុភាព ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងជាង២០០នាក់នោះថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមើលមនុស្សឱ្យបានត្រឹមត្រូវ ហើយត្រូវជ្រើសរើសមនុស្សដោយប្រើគន្លឹះ៤ និងគន្លឹះ៣ ដែលសំដៅដល់មនុស្សដែលមានឆន្ទៈ វីរិយៈ ចិត្តៈ និងវិមង្សា ខណៈគន្លឹះ៣សំដៅដល់សច្ចៈ ខន្តី និងកត្តញ្ញូតា ជាពិសេសត្រូវមានព្រហ្មវិហាធម៌ក្នុងខ្លួនជាចាំបាច់ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
លោកនាយកវិទ្យាស្ថានបានណែនាំឱ្យសិក្ខាកាមទាំងឡាយត្រូវចេះចងជារចនាសម្ពន្ធ និងត្រូវជួយគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនក្នុងអាជីវកម្ម និងការងារទាំងអស់គ្នា៕