(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលថវិកាចំនួន ៣,០០០ដុល្លារពីលោក Tatsuhiro Kurihara អគ្គនាយក គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោក Tatsuhiro Kurihara និងថ្លែងអំណរគុណបានឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
លោកស្រីអគ្គលេខាធិការបានបន្ថែមទៀតថា «នៅក្នុងឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានផ្តោតទៅលើប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភូមិភាគឥសាន្ត ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ហើយសាខាទាំងនោះមានធន់ធានតិចតួច ដែលត្រូវការការគាំទ្រពីទីស្នាក់ការកណ្តាល»។
ជាកិច្ចឆ្លើយតប លោក Tatsuhiro Kurihara បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបលោកបានសម្តែងការគួរសម និងបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
លោកបានបន្តទៀតថា «ខ្ញុំពិតជាជឿជាក់នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋពិតប្រាកដមែន»។ លោកបន្ដថា សម្រាប់ការងារមនុស្សធម៌ របស់គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី មានច្រើន ក្នុងនោះក៏បានចូលរួមចំណែកជាមួយ កាកបាទក្រហមកម្ពុជាផងដែរ ហើយយើងនឹងបន្តឧត្ថម្ភគាំទ្រការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ទៀត៕