(ភ្នំពេញ)៖ ទង្វើរបស់លោក កឹម សុខា កំពុងដុតបំផ្លាញជោគវាសនាគណបក្សសង្គ្រោះជាតិទាំងមូល ហើយកាន់តែងាយយល់ទៅទៀត ការវិនាសអន្តរាយនេះ ប្រៀបដូចជា គ្រួសារមួយត្រូវបំផ្លាញខ្ទេច ដោយសារតែមានសមាជិកម្នាក់ដែលប្រព្រឹត្តិគ្រឿងញៀន និងកំហុសធ្ងន់ រហូតបំផ្លាញក្រុមគ្រួសារខ្លួនឯងចោលយ៉ាងដូច្នេះដែរ !
បើនិយាយជារបៀបនយោបាយ ករណី កឹម សុខា អាចធ្វើឡប់ឡែបំភ័ន្តគេឯងក្លែងបន្លំក្រោមរូបភាពជាអ្នកប្រជាធិបតេយ្យ ឬជាការខិតខំការពារ «រដ្ឋសភាជាតិ» ជាដើម...។ ប៉ុន្តែសារជាតិពិតមិនមែនអញ្ចឹងទេ ! ការឡប់ឡែ មិនមែនជាកម្លាំងពិត និងមិនអាចលាក់ការពិតគេអាចមើលឃើញទិដ្ឋភាពរួមនោះបានទេ។
បើនិយាយពីសីលធម៌ និងការទទួលខុសត្រូវវិញ ទង្វើលោក កឹម សុខា គឺស្មោកគ្រោក បានបង្កើតបញ្ហា និងពង្រីកបញ្ហាទាំងងងើល តាំងពីកម្រិតបុគ្គល ពីតូចទៅធំ ហើយកាន់តែធំទៅៗ រហូតដល់កម្រិតមួយដែល កឹម សុខា មិនត្រឹមតែបំផ្លាញត្រឹមខ្លួនគាត់ប៉ុណ្ណោះទេ គឺបានអូសគណបក្សសង្គ្រោះជាតិទាំងមូល ឲ្យធ្លាក់ក្នុងភក់ជ្រាំ ជ្រោះជ្រៅ ភាពអាម៉ាស់ ការបែកបាក់ផ្ទៃក្នុង ហើយអាចរលាយឆេះគណបក្សទាំងមូលតែម្តង។
នេះជារឿងអភ័ព្វរបស់ លោក សម រង្ស៊ី និង គណបក្សសង្គ្រោះជាតិទាំងមូល ដែលសេពគប់មនុស្សខុស ដែលមានមនុស្សខុស ដូចជា កឹម សុខា ឬអាចនិយាយឲ្យងាយយល់ថា ក្នុងគ្រួសារមួយដែលបាក់ស្រុតអាប់ឱន និងរលាយ ដោយសារមានសមាជិកម្នាក់ ប្រព្រឹត្តរឿងថោកទាប និងបំផ្លាញ។
ហេតុផលឡាំប៉ាមុនៗអាចប្រជាជន ឬសមាជិកបក្សយល់ច្រឡំ ដូចជាយកលេស លទ្ធផលការបោះឆ្នោតជាដើម ដើម្បីជាសារនយោបាយ។ ប៉ុន្តែលើកនេះ គឺរឿងអាស្រូវផ្លូវភេទសុទ្ធសាធ ហើយគ្មានទម្ងន់ ឬយកអ្វីទៀតមកបន្លំដើម្បីបោកប្រាស់សាធារណមតិជាតិ និងអន្តរជាតិតទៅទៀតនោះទេ។
ចូរចាំថា សង្គមស៊ីវីល័យបច្ចុប្បន្ន មិនថាសកលលោក ឬនៅកម្ពុជា «ប្រជាធិបតេយ្យ និងនីតិរដ្ឋ» គឺជាគោលការណ៍ស្នូលក្នុងការប្រព្រឹត្តិទៅ របស់សង្គមទាំងមូលហើយ ហើយគេមិនអាចបកស្រាយដោយភ័ន្តច្រឡំ ឬបន្តខំបំភ្លៃខ្លឹមសារដើមរបស់វាបោកប្រាស់ប្រជាជននោះទេ។
«ប្រជាធិបតេយ្យ» គឺភាគច្រើនដឹកនាំ ដើម្បីជាតិនិងប្រជាជន។ រដ្ឋសភាជាតិជាស្ថាប័នស្នូល ដើម្បីសម្តែងសិទ្ធិ និងអនុវត្តប្រជាធិបតេយ្យ។ ផ្ទុយទៅវិញក្នុងករណី កឹម សុខា គឺគណបក្សសង្គ្រោះជាតិមើលរំលងគោលការណ៍នេះ ដោយបោះបង់ចោលស្ថាប័នរដ្ឋសភា ដែលជាសំឡេងជាតិរួម ហើយបែរជាដើរថយក្រោយមកជ្រកនៅក្នុងស្នាក់ការបក្សខ្លួនដែលគ្រាន់តែជា «សំឡេងនយោបាយបែបប្រជាភិថុត» ទៅវិញ ។
ចូរចាំថា ល្បែងនយោបាយប្រជាភិថុតបញ្ឆោត កេណ្ឌកម្លាំងប្រជាជន ដើម្បីធ្វើបដិវត្តន៍ពណ៌ គឺមិនអាចទៅរួចទេ ! បើហ៊ានបង្ខំគឺភ្លើងពិតជានឹងឆេះសន្ធោសន្ធៅ នៅចំកណ្តាលគណបក្សសង្គ្រោះជាតិ កម្ទេចក្បាលសង្គ្រោះជាតិ តែក្នុងមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ។
គួរកត់សំគាល់ថា ជាង២០ឆ្នាំចុងក្រោយនេះ គ្មានបរទេសណាមានឥទ្ធិពលលើដំណើរការកម្ពុជា ដែលជារដ្ឋអធិបតេយ្យនោះទេ។ ល្បែងយកឈ្មោះ បរទេសជាឧបករណ៍ទីងមោង បន្លាចកម្ពុជា គឺហួសសម័យហើយ!
«ប្រជាជាតិកម្ពុជា ដែលជារដ្ឋអធិបតេយ្យ» គ្រប់ទម្រង់នៃកិច្ចសហប្រតិបតិ្តការ គឺធ្វើដោយថ្លៃថ្នូរវាងវៃក្នុងស្មារតី ឯករាជ្យស្វ័យសម្រេច និងដោយស្មើភាព ស្មើសិទ្ធិ។ ដូចប្រជាជាតិនានាដែរ គោលការណ៍សំខាន់់របស់កម្ពុជា ដើម្បីនីរន្តភាពគឺឃើញច្បាស់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន កំពុងបន្ត «ពង្រឹងដំណើរការប្រជាធិបតេយ្យ ដោយពង្រឹងនីតិរដ្ឋ»។
«នីតិរដ្ឋ» គឺអនុឡោមតាមផ្លូវច្បាប់។ អ្នកណាខុស បុគ្គលហ្នឹងទទួលខុសត្រូវ ! ផ្លូវដើរលើគន្លងនីតិរដ្ឋ មិនមែនធ្វើមួយថ្ងៃចប់នោះទេ។ បែបបទដ្ឋានវាមានច្រើន ដំណាក់កាល ហើយមានស្មារតីការពារសិទ្ធិមនុស្ស គោរពតម្លៃមនុស្ស និងអនុលោមតាមវិធានច្បាប់។ ផ្ទុយទៅវិញក្នុងករណី កឹម សុខា គឺគណបក្សសង្គ្រោះ បន្តមើលរំលងដំណើរការនីតិរដ្ឋ។ ក្នុងស្មារតីច្បាប់ករណី កឹម សុខា ដែលត្រឹមជាសាក្សីក្នុងរឿងក្តី គឺមិនធ្ងន់ធ្ងររហូតត្រូវភ័យពីការជាប់គុកនោះទេ។ ប៉ុន្តែ ការប្រមាថដំណើរការនីតិរដ្ឋតុលាការ និងអំណាចតុលាការនេះ វានាំឲ្យបង្កើតបទល្មើសជាក់ស្តែងមួយទៀត ហើយបង្កើតជាសាររំលឹកដ៏ច្បាស់លាស់ថា៖ «គុករង់ចាំ កឹម សុខា ជានិច្ច!» ។
តុលាការកំពុងបន្តចាត់ការក្នុងរឿងក្តីនេះ។ ក្នុងដំណាក់កាលមួយ បើមិនខិតខំរត់រកមធ្យោបាយស្ថានសម្រាល ផ្ទុយទៅវិញបែរជាកែណ្ឌកម្លាំងយកមកប្រឆាំង អំណាចតុលាការ នោះនឹងបង្កើតកំហុសធ្ងន់ធ្ងរឲ្យបក្សសង្គ្រោះជាតិទាំងមូលតែម្តង។ គ្រោះថ្នាក់នៅត្រង់ថា បើគណបក្សមួយប្រឆាំងអំណាចតុលាការ គឺស្មើនឹងបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ហើយទោសកំហុស គឺនឹងឈានដល់ត្រូវរំលាយគណបក្សនោះចោលតែម្តង៕
ដោយ៖ សេនាជាតិ