(ប៉ារីស)៖ ក្រុមខ្លាំងលំដាប់លេខ១ របស់ពិភពលោក ឥន្ទ្រីដែកអាល្លឺម៉ង់ នឹងចាប់ផ្តើមការប្រកួតជើងដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នាម៉ោង ២រំលងអាធ្រាត្រយប់នេះ ដោយត្រូវប៉ះក្រុមជម្រើសជាតិអ៊ុយក្រែន (Ukraine)។
Sky Sports បានឲ្យដឹងថា ឥន្រ្ទីយ៍ដែកអាល្លឺងម៉ង ត្រូវបានគេមើលឃើញថា ជាក្រុមខ្លាំងប្រចាំពូល C។ សម្រាប់ការជួបប្រកួតទល់នឹងក្រុម ម្ចាស់ផ្ទះ Euro 2012 អ៊ុយក្រែននេះ វាជារឿងងាយស្រួលបំផុតសម្រាប់អាល្លឺងម៉ង់ក្នុងការស្វែងរកពិន្ទុ៣ពិន្ទុពីការប្រកួតនៅរាត្រីនេះ ដោយ សារអាល្លឺម៉ង់ជាក្រុមដែលលេងរឹងមាំគ្រប់ផ្នែក ទាំងអ្នកចាំទី ប្រព័ន្ធការពារ តំបន់បម្រើ និងប្រយុទ្ធជាដើម។
កីឡាករភាគច្រើន ដែលគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Joechim Loew ជ្រើសរើសនោះ គឺភាគច្រើនរើសចេញតែពីក្លឹបធំ២គត់ គឺ Bayern Munich និង Borussia Dortmund។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យពួកគេលេងយល់ចិត្តគ្នា និងសង់តង់គ្នាជានិច្ច នៅលើទីលាន ហើយពុំងាយមានក្រុមណាមួយបំបាក់ដោយងាយស្រួលឡើយ។
យ៉ាងណាក៏ដោយ សម្រាប់កីឡាករខ្សែប្រយុទ្ធ Mario Gotze មកពីក្លឹប Bayern Munich ដែលជួយឲ្យអាល្លឺម៉ង់ ឈ្នះពានបាល់ទាត់ ពិភពលោក World Cup 2014 នៅប្រទេសប្រេស៊ីលនោះ ពុំត្រូវបានលោក Joechim Loew ដាក់ចូលលេងក្នុងជម្រើស ១១នាក់ដំបូង នៅរាត្រីនេះឡើយ តែកីឡាករវ័យ ២៥ឆ្នាំខាងលើ ក៏មានឈ្មោះក្នុងបញ្ជី ២៣នាក់ ក្នុងព្រឹត្តិការណ៍ Euro 2016 លើកទី១៥ នេះដែរ។
នៅរាត្រីនេះមានការប្រកួតចំនួន ៣ប្រកួត គឺក្រុមជម្រើសជាតិតួកគី ប៉ះក្រូអាត ចាប់ផ្តើមមុនគេម៉ោង ៨យប់ ពូល D, ប៉ូឡូញ ប៉ះ អៀរឡង់ខាងជើង ម៉ោង ១១យប់ និង អាល្លឺម៉ង់ ប៉ះអ៊ុយក្រែន ម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល C៕