(ម៉ាកសី, បារាំង)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបើកការស៊ើបអង្កេត និងប្រកាសចាត់វិធានការតាមច្បាប់ ចំពោះក្រុម អ្នកគាំទ្រក្រុមជម្រើសជាតិរុស្ស៊ី ដែលបានប្រើអំពើហិង្សាទៅលើក្រុមអ្នកគាំទ្ររបស់ជម្រើសជាតិអង់គ្លេស បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នា ដ ដោយលទ្ធផល ១-១ ក្នុងព្រឹត្តិការណ៍ Euro 2016 នាទីក្រុង Marseille កាលពីយប់មិញនេះ។
ព័ត៌មាន BBC របស់អង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា UEFA បានសម្រេចបើកការស៊ើបអង្កេតទ្រង់ទ្រាយធំទៅលើក្រុមបង្កហិង្សា ក្រោយពីទទួលបានរបាយការណ៍ចេញពីមន្ទីរពេទ្យថា មានអ្នកគាំទ្រអង់គ្លេស រហូតដល់ទៅ ២០នាក់រងរបួស និង២នាក់ក្នុងចំណោមពួកគេ មានរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដូចគ្នា ដែលជាការបង្កឡើងដោយចេតនាពីសំណាក់អ្នកគាំទ្រក្រុមជម្រើសជាតិរុស្ស៊ី។
សូមបញ្ជាក់ផងដែរ រវាងក្រុមអ្នកគាំទ្ររុស្ស៊ី និង អង់គ្លេស បានប៉ះទង្គិចគ្នារយៈពេល ៣ថ្ងៃមកហើយ មុនការប្រកួតមកដល់។ កាលពី ៤ឆ្នាំ មុន ក្នុងព្រឹត្តិការណ៍ Euro 2012 ដែលមានប៉ូឡូញ និងអ៊ុយក្រែនធ្វើម្ចាស់ផ្ទះនោះ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ក៏ត្រូវ UEFA ពិន័យ កាត់ ៦ពិន្ទុផងដែរ ដោយសារតែការបង្កហិង្សារបស់អ្នកគាំទ្រ៕