(ភ្នំពេញ)៖ ក្រោយពីលេចលឺព័ត៌មានរយៈពេលប៉ុន្មានថ្ងៃនេះថា ឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេច សាយ ឈុំ មានដីជាច្រើនកន្លែង ស្ថិតនៅទីតាំងក្នុងស្រុកកៀនស្វាយ, ស្រុកស្អាង ខេត្តកណ្តាល និងនៅម្តុំបឹងជើងឯក ហើយកំពុងមានទំនាស់ជាមួយលោកឧកញ៉ា ឡោក ហួរ ផងនោះ, នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ តាមរយៈលោក ចេង ហុង ជំនួយការផ្ទាល់របស់លោក យឹម លាង បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា «ឯកឧត្តម យឹម លាង មិនមានដីនៅលើទីតាំងទាំង៣ ដូចព័ត៌មានលេចលឺនោះទេ ហើយប្រសិនបើរកឃើញថា មានឈ្មោះរបស់ ឯកឧត្តម យឹម លាង នៅក្នុងបញ្ជីកម្មសិទ្ធិឬ មានអោយគេឈរឈ្មោះតំណាង លោកចុះចិត្តផ្តិតមេដៃ ប្រគល់ជូនប្រជាពលរដ្ឋទាំងអស់»។
ការចេញមកបដិសេធ និងទាមទាររកភាពស្អាតស្អំខាងលើនេះ ធ្វើឡើងបន្ទាប់ពីលេចលឺព័ត៌មាន ចេញពីជំនួយការរបស់លោកឧកញ៉ា ឡោក ហួរ ថា ឧត្តមសេនីយ៍ យឹម លាង មានឈ្មោះជាកម្មសិទ្ធិដីធ្លីជាច្រើនកន្លែង នៅទីតាំងទាំង៣ខាងលើនេះ ដែលកំពុងមានទំនាស់ជាមួយលោកឧកញ៉ា ឡោក ហួរ។
លោក ចេង ហុង ជំនួយការផ្ទាល់របស់លោក យឹម លាង បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ឲដឹងថា ឧត្តមសេនីយ៍ឯក យឹម លាង បានស្នើឲ្យបញ្ឈប់ការប្រើប្រាស់វប្បធម៌លាបពណ៌បង្ខួចកេរណ៍ឈ្មោះរបស់លោក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចនេះតទៅទៀតជាបន្ទាន់ ព្រោះបញ្ហាទំនាស់ដីធ្លីរបស់លោកឧកញ៉ា ឡោក ហួរ គឺកើតចេញពីផ្ទៃក្នុងរបស់ខ្លួន ឯងគឺមិនពាក់ និងឧត្តមសេនីយ៍ឯក យឹម លាងនោះទេ។ បើនៅតែបន្តនិងបញ្ជេញឯកសារទាំងអស់។
អាជ្ញាធរមូលដ្ឋានដែនដី បានឲ្យដឹងថា ករណីទំនាស់ដីធ្លីរបស់លោកឧកញ៉ា ឡោក ហួរ គឺជាប់ពាក់ព័ន្ធនិងលោកស្រី ឆោម សោភ័ណ្ឌី ប្តឹងលោកឧកញ៉ា ឡោក ហួរ។
ចំពោះលោកស្រី ឆោម សោភ័ណ្ឌី ត្រូវបានគេដឹងថាធ្លាប់បានរួមរស់ជាប្តីប្រពន្ធ លក្ខណៈក្រៅផ្លូវការជាមួយលោកឧកញ៉ា ឡោក ហួរ ជាច្រើនឆ្នាំណាស់មកហើយ។ នៅទីបំផុតអ្នកទាំងពីរក៏មានបញ្ហាជាមួយគ្នា ឈានដល់ការប្តឹងផ្តល់នៅតុលាការតែម្តង៕