(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានសម្រេចបញ្ជូនអង្ករ ៣០០តោនដែលជាការឧបត្ថម្ភរបស់អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ដោយចែកទៅខេត្តបន្ទាយមានជ័យ២០០តោន និងខេត្តប៉ៃលិន១០០តោន ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន បានចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់ ព្រមជាមួយពូជស្រូវ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្ដារឡើងវិញ នូវដំណាំរបស់ខ្លួនដែលរងនូវផលប៉ះពាល់ផងដែរ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ៕