(សៀមរាប)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៦ ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន» ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកបាសាទបាគង។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា ដើម្បីរួមចំណែកកិច្ចការទាំងនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់អនុវត្តគោលការណ៍ចម្បងៗ របស់រាជរដ្ឋាភិបាលក្នុងការការពារកុមារ លើកកំពស់សិទ្ធិកុមារ និង ការលុបបំបាត់ពលកម្មកុមារគឺ៖
១៖ ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបាន ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: និង សមាហរណកម្មកុមារក្នុងសង្គម ។
២៖ សហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងស្រ្តី ។
៣៖ លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពកុមារ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឲ្យបានស្របទៅនឹង ប្រធានបទសន្និសីទពិភពលោក ស្តីពីពលកម្មកុមារ ដែលបានប្រារព្ធឡើងនៅ ទីក្រុងឡាអេ ប្រទេសហូឡង់ នាខែឧសភា ឆ្នាំ២០១០ កន្លងទៅនេះ។
៤៖ បានជំរុញបង្រ្កាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្ម ពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រី្ត និង កុមារ ។
៥៖ បានផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ការផ្តល់កិច្ចការពារនិងសេវាស្តារនីតិសម្បទាដល់កុមារកំព្រា កុមារអនាថា កុមារងាយរងគ្រោះទប់ស្កាត់ ការជួញដូរ អំពើហិង្សាក្នុងគ្រួសារ កុមារដែលទំនាស់ នឹងច្បាប់កុមារប្រើប្រាស់បំពានសារធាតុញៀន ផ្តល់ការថែទាំគាំទ្រចំពោះកុមារដែលទទួលផលប៉ះពាល់ដោយសារជំងឺអេដស៍។
ទន្ទឹមនេះដែរ អាជ្ញាធរខេត្តសៀមរាបរបស់យើង បានបង្កើតក្រុមការងារពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះនិងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារថ្នាក់ខេត្ត សម្រាប់ ជាយន្តការសម្របសម្រួលលើកស្ទួយកិច្ចការការពារសិទ្ធិរបស់កុមារ។ ជាក់ស្តែងគិតចាប់តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ខេត្តបានដកហូតពីទម្រង់ធ្ងន់ធ្ងរ និងធ្វើការទប់ស្កាត់ពលកម្មកុមារ ការផ្តល់អាហារូបត្ថម្ភ ការផ្តល់ជំនាញវិជ្ជាជីវៈការរៀបចំក្រុមសន្សំ ក្រុមតាមដានកុមារ បានសរុបចំនួន១៩២៥៤នាក់។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានផ្ដាំទៅ ក្មួយៗ ចៅៗ កុមារា កុមារី ថាត្រូវធ្វើជា កូនល្អ សិស្សល្អ មិត្តល្អ ឲ្យពួកគេក្លាយជាពលរដ្ឋល្អទៅអនាគត៕